(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ប្រឹងប្រែងបញ្រ្ជាប ប្រកាសអន្តរក្រសួងរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមអ៉ីនធើណេត នៅកម្ពុជា និងបទប្បញ្ញត្តិរបស់ ន.ទ.ក ស្តីពីការទុកឱសានុវាទត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីឲ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ត្រូវលុបចោលជាបន្ទាន់នូវស៉ីមកាត ដែលគ្មានឯកសារសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ន.ទ.ក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនានេះ។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ន.ទ.ក បានកោះអញ្ជើញបណ្តាប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ទាំងអស់ មកចូលរួមស្តាប់ ការផ្សព្វផ្សាយខ្លឹមសារ បទបញ្ញត្តិទាំងពីរ នៅសាលប្រជុំ ន.ទ.ក។
នៅក្នុងពិធីប្រកាសផ្សាយនេះ មានការចូលរួមជាអធិបតីរបស់តំណាងអន្តរក្រសួង មកពីអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍នៃក្រសួងព័ត៌មាន និងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាភាគីមានភារកិច្ច និងតួនាទីជាអ្នកប្រតិបត្តិលើខ្លឹមសារ ប្រកាសអន្តរក្រសួង។
ការប្រកាសផ្សព្វផ្សាយនេះ មានគោលបំណង និងគោលដៅ លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តបទប្បបញ្ញត្តិ ន.ទ.ក និងប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមអ៉ីនធើណេត នៅកម្ពុជា សំដៅប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬចែកចាញខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីឌីអូ និងទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចលបណ្តាលឲ្យ អន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងល្អជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ និងលុបបំបាត់ចោលឲ្យអស់ជាដាច់ខាត នូវរាល់ការប្រើប្រាស់ស៉ីមកាតទូរស័ព្ទចល័ត មិនមានតម្កល់ឯកសារសម្គាល់អត្តសញ្ញាណម្ចាស់ប្រើប្រាស់៕