(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃួន រ៉ានីន សមាជិកគណៈកម្មការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ លោក សាន ស៊ានហូ គណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ចុះជួបសំណេះសំណាលជាមួយសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន៤០០០នាក់ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
លោក ឃួន រ៉ានីន ក៏បានលើកឡើងពីគោលការណ៍ទាំង១១ខ របស់គណបក្សប្រជាជន ព្រមទាំងធ្វើការបញ្ជាក់នូវចំណុចមួយចំនួន នៃលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម រួមទាំងវីរៈជនមួយចំនួន ក្នុងការស្វែងរកនូវសុខសន្តិភាពពេញលេញ ជូនជាតិមាតុភូមិ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ និងធ្វើឱ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ តាំងពីទីប្រជុំជនទៅដល់ជនបទ។
លោក ឃួន រ៉ានីន បានបន្តថា រាល់សមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានទាំងអស់ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព, មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានធនធានមនុស្សប្រកបដោយ គុណធម៌ សមត្ថភាព និងមានសាមគ្គីភាព ឯកភាពថ្លៃថ្នូរ។ ជាច្រើនឆ្នាំកន្លងមកនេះ ក្នុងបេសកកម្មបម្រើជាតិ ទោះបីត្រូវប្រឈមនឹងការវិវត្តន៍ ប្រែប្រួលយ៉ាងស្មុគ្រស្មាញបំផុត នៃសភាពការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅនឹងរក្សាខ្ជាប់ខ្ជួន ជាមួយប្រជាជន ពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្រ្តមនសិការទទួលខុសត្រូវ និង មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាប់ជានិច្ច។
ជាមួយគ្នានេះដែរលោក សាន ស៊ានហូ បានថ្លែងថា ភាពរីកចម្រើន នៃកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ របស់គណបក្សប្រជាជន ក្នុងអាណត្តិទី៥ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនព្រមទាំងមានការគាំទ្រពីសមាជិកបក្ស ក្នុងការជ្រើសរើសបេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អណត្តិទី៦ និង អណត្តិក្រោយៗទៀតផងដែរ។
លោក សាន ស៊ានហូ បានបញ្ជាក់ថា ការសម្រេចចិត្តជ្រើសរើសរបស់បងប្អូន គឺជាភាពយុត្តិធម៌បំផុត សម្រាប់បងប្អូន ក្នុងការគាំទ្រនូវកម្ម វិធីនយោបាយ និង លក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា ដើមី្បរួមគ្នាធ្វើកិច្ចអភិវឌ្ឍន៍ជាតិឱ្យមានការរីកចម្រើនដូចបណ្តាប្រទេស ជឿនលឿនលើសកលលោក៕