(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន គឺជាទិសដៅអាទិភាពរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍កម្ពុជា ក៏ដូចជាផ្តល់នូវវិថីអភិវឌ្ឍជំនាញទេសចរណ៍ច្បាស់លាស់ដល់យុវជន។

ការបញ្ជាក់នេះ ធ្វើឡើនាឱកាសពិធីសំណេះសំណាលជាមួយសិស្ស-និស្សិត១០០នាក់ ដែលប្រឡងចូលរៀនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS នៅសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ATP ។

វគ្គបណ្តុះបណ្តាលឥតគិតថ្លៃនេះ ជាកិច្ចសហប្រតិបត្តិរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ACA Travel ក្នុងទម្រង់ភាពជាដៃគូររដ្ឋ-ឯកជន ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ របស់ក្រសួងទេសចរណ៍។

កន្លងមក ក្រោមកិច្ចសហប្រតិបត្តិការខាងលើ ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលយុវជនដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាចំនួន ៨៧នាក់ (វគ្គទី១) លើជំនាញកក់សំបុត្រយន្តហោះ ព្រមទាំងបានផ្តល់នូវឱកាសការងារដល់សិក្ខាកាម ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀត និងទទួលបានប្រាក់ចំណូលទ្រទ្រង់ការសិក្សារបស់ខ្លួនកាន់តែល្អប្រសើរ។

វគ្គបណ្តុះបណ្តាលជំនាញខាងលើ នឹងបើកទទួលសិស្ស-និស្សិតឲ្យចុះឈ្មោះចូលសិក្សាដោយឥតគិតថ្លៃ រហូតដល់ចុងឆ្នាំ២០១៨។

បេក្ខជន បេក្ខនារីអាចដាក់ពាក្យចូលសិក្សាតាមរយៈតំណរខាងក្រោម៖ https://goo.gl/forms/Y5HJ7S61JVCJsflh1