(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្ដីពី គណនេយ្យ និងសវនកម្ម ដល់និស្សិតក្នុងវិទ្យាស្ថានពាណិជ្ជសាស្រ្ដ អេស៊ីលីដា។

សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្ដីពី គណនេយ្យ និងសវនកម្មនេះធ្វើឡើង ក្រោមអធិបតីភាពលោក ងី តាយី រដ្ឋលេខាធិការ និងជាប្រធាន​ក្រុមប្រឹក្សា​ ជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា រួមទាំងសាស្ដ្រាចារ្យ និងសិស្ស​នុសិស្សជាច្រើនរូប។

លោក ងី តាយី បានថ្លែងឲ្យដឹងថា «ក្នុងបរិបទជាតិ និងអន្ដរជាតិ វិស័យគណនេយ្យ និងសវនកម្មនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ និងជារបៀបវារៈអាទិភាព ក្នុងកម្មវិធីកំណែទម្រងហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធានាបាននូវ​គណនេយ្យភាព, តម្លាភាព, អភិបាលកិច្ចល្អ ហើយវិស័យនេះជាឧបករណ៍មួយ ក្នុងការពង្រឹងការគ្រប់គ្រងសន្ដិសុខហិរញ្ញវត្ថុ»

លោកបានបន្ថែមទៀតថា សម្រាប់ការរៀបចំសិក្ខាសាលា នៅក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង​អំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ នឹងគណនេយ្យ និងសេនកម្មនៅកម្ពុជា ដល់សាស្រ្ដាចារ្យ និស្សិត នៃវិទ្យាស្ថានពាណិជ្ជសាស្រ្ដ អេស៊ីលីដា ដើម្បីឲ្យយល់​ដឹង​ពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានា ដែលត្រូវអនុវត្ត ក្នុងនោះរួមមាន ជាអាទិ៍ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ កាតព្វកិច្ចរៀបចំរបាយ​ការណ៍​ហិរញ្ញវត្ថុ ការតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យសវនកម្មជាដើម។

លោកបានបញ្ជាក់ទៀតថា នៅពេលដែលក្រុមហ៊ុន សហគ្រាសបានអនុវត្តកាតព្វកិច្ច ទាំងនេះបានត្រឹមត្រូវ សហគ្រាសនឹងទទួលបានសារៈប្រយោជន៍ យ៉ាងច្រើនរួមមាន៖ តម្លាភាពនៃការគ្រប់គ្រង ធនធានហិរញ្ញវត្ថុ ភាពងាយស្រួលក្នុងការទទួលបានឥណទាន ពីធនាគារឬស្ថាប័នហិរញ្ញវត្ថុ ការស្វែង​រកដៃគូរវិនិយោគពីបរទេស និងចូលរួម​ជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចជោគជ័យតាម យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហិរញ្ញវត្ថុ ២០១១-២០២០។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងឲ្យដឹងថា «ច្បាប់គណនេយ្យ និងសវនកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធនាគារអេស៊ីលីដា តែងតែគោរពនូវច្បាប់ជាតិ ជាពិសេសច្បាប់ទាក់ទង នឹងគណនេយ្យនេះ ដែលធនាគារតែងតែធ្វើតាមច្បាប់ យ៉ាងទៀតទាត់ ចំណែកឯខាងធនធានមនុស្សវិញ ខាងធនាគារមានច្រើនប្រភេទ ពាក់ព័ន្ធនឹងការងារគណនេយ្យធម្មតា គឺមិនខ្វះធនធានមនុស្សឡើយ នៅ​ក្នុងប្រទេសកម្ពុជា តាមរយៈសាកលវិទ្យាល័យ, វិទ្យាស្ថាននានា»

លោកបានបន្ដទៀតថា ដោយឡែកសម្រាប់វិទ្យាស្ថាន ពាណិជ្ជសាស្រ្ដអេស៊ីលីដា បណ្ដុះបណ្ដាលធនធានមនុស្ស ទាកទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយផ្ដោតទៅលើគណនេយ្យមួយចំណែក ហើយអ្វីដែលនឹងត្រូវយកចិត្តទុកដាក់ ពិសេសទៅលើជំនាញវិជ្ជាជីវៈគណនេយ្យ សម្រាប់បញ្ជាក់​របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន, ធនាគារ និងក្រុមហ៊ុនទូទាំងអស់ ដោយបញ្ជាក់ថា របាយការណ៍នេះ ត្រឹមត្រូវច្បាស់លាស់ ទៅតាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ៕