(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានប្រកាសថា មានតែប្រជាពលរដ្ឋខ្មែរទេ ដែលជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ គ្មានអង្គការអន្តរជាតិណា មកសម្រេចជោគវាសនាប្រទេសខ្មែរ ជំនួសប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតនោះទេ។

ការប្រកាសបែបនេះរបស់ គ.ជ.ប គឺដើម្បីឆ្លើយតបទៅនឹងអង្គការសេរីអន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានគាំទ្រចលនាសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា តាមរយៈការទាមទារចំណុចមួយចំនួន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ​បានបញ្ជាក់នូវចំណុចធំៗចំនួន៣​ ដើម្បីឆ្លើយតបជាមួយអង្គការសេរីអន្តរជាតិមួយនេះ។

ចំណុចសំខាន់ៗទាំង៣រួមមាន៖

ទី១៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺត្រូវធ្វើឡើងតាមការកំណត់របស់ច្បាប់ នៃនីតិកាលនីមួយៗរបស់រដ្ឋសភា ដែលមានរយៈពេល៥ឆ្នាំម្តង។ គ្មាននរណា ឬប្រទេសណា ​មករារាំងដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅស្របតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស បាននោះទេ។

ទី២៖ គ.ជ.ប ជាស្ថាប័នចែងនៅក្នុងរដ្ឋធម្មនុញ្ញ នឹងត្រូវបានផ្តល់ទំនុកចិត្តពីសភា ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ យោងតាមមាត្រា ១៥០ថ្មី (ពីរ) រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា «គ.ជ.ប គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការគំណត់នៃច្បាប់»។ «គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។

ទី៣៖ តំណាងរាស្រ្តត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ដូចមានចែងក្នុងមាត្រា ៧៦ថ្មី ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញ នៃរដ្ឋធម្មនុញ្ញ។ យោងលើស្មារតីនៃមាត្រានេះ គ្មានការបែងចែកគណបក្សនយោបាយតូច ឬធំទេ ឬគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងទេ គ្រប់គណបក្សមានសិទ្ធិស្មើៗគ្នា ក្នុងការឈរឈ្មោះបោះឆ្នោត។ មាត្រានេះ មិនបានថែងថា ទាល់តែមានអតីតគណបក្សសង្គ្រោះជាតិ ទើបការបោះឆ្នោត ត្រឹមត្រូវនោះទេ។

ជាមួយគ្នានេះច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត​មាត្រា ២៧ ចែងថា «ដើម្បីចុះបញ្ជីគណបក្សនយោបាយ ឈ្មោះបោះឆ្នោត គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទដែលកំណត់ដោយ គ.ជ.ប ហើយត្រូវភ្ជាប់នូវឯកសារចំនួន១០ ប្រភេទ ក្នុងនោះ គណបក្សនយោបាយ ត្រូវធ្វើសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ០១​ ច្បាប់។ បើគ្មានឯកសារនេះ គ.ជ.ប មិនអាចទទួលយកគណបក្សណានោះ មកចុះបញ្ជីបានទេ ព្រោះ គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់៕