(ភ្នំពេញ)៖ ក្នុងពេលក្រុមបេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានទៅដល់សមាគមអភិរក្សដំរីខ្មែរ «អៃរាវត្តា» ក្រៅពីទស្សនាការសម្ដែងរបាំរបស់ជនជាតិដើមភាគតិច ក្រុមការងារក៏បានជិះដំរីទស្សនាសម្រស់ធម្មជាតិនៅជុំវិញទីនោះ ជាមួយការបរិយាយពីជីវិតសត្វដំរី និងការចិញ្ចឹមថែទាំសត្វដ៏កម្រនេះពីសំណាក់លោកពូ ច្រេច ប៊ុនរឿង ដែលជាហ្មដំរីដ៏ជំនាញម្នាក់ ពិសេសគាត់បានរៀបរាប់ពីអាការដំរីចុះប្រេងប្រាប់ក្រុមការងារយើងទៀតផង។
គួរបញ្ជាក់ថា សមាគមអភិរក្សដំរីខ្មែរ «អៃរាវត្តា» មានទីតាំងស្ថិតក្នុងស្រុកលំផាត់ មានចម្ងាយពីក្រុងបានលុង ខេត្តរតនគិរី ប្រមាណ១០គីឡូម៉ែត្រ ហើយទីនោះក៏មានទឹកជ្រោះដ៏ល្អប្លែកមួយដែរ មានឈ្មោះថា «ទឹកជ្រោះកាទៀង»។ ភ្ញៀវទេសចរអាចទៅទស្សនា និងជិះដំរីក្នុងសមាគមនេះបាន តាមរយៈការទំនាក់ទំនងជាមួយសណ្ឋាគារទែរូ ដែលមានលោកស្រី ខៃ ចិន្តា ជាម្ចាស់សណ្ឋាគារ និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តានេះផងដែរ។
ខណៈដំរីកំពុងចេញដំណើរជូនភ្ញៀវចូលក្នុងព្រៃជ្រៅ ក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង ដែលមានភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ចូលរួមផងដែរនោះ បានសាកសួរទៅហ្មដំរីម្នាក់ឈ្មោះ ពីជីវិតរស់នៅរបស់សត្វដំរីខ្មែរ ក៏ដូចជាការចិញ្ចឹងថែទាំ និងអាការមួយចំនួនរបស់សត្វចតុបាទដែលមានមាឌធំជាងគេនេះផងដែរ។
សូមទស្សនាការរៀបរាប់របស់លោកពូ ច្រេច ប៊ុនរឿន ដែលជាហ្មដំរីម្នាក់ក្នុងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា៖