(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានជំរុញដល់សមាជិកបក្ស សកម្មជន និងឃោសនិករបស់ខ្លួន​ ត្រូវបន្ដពន្យល់ដល់ប្រជាពលរដ្ឋនៅតាមភូមិឃុំ ស្រុក និងខេត្ដឲ្យពួកគាត់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទៅបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា លេខរៀងទី២០ ដើម្បីទទួលបានសុខសន្ដិភាព មានការអភិវឌ្ឍ និងមានអ្វីៗគ្រប់យ៉ាង។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាមរូបនេះ បានលើកឡើងនៅទៀតថា ប្រទេសកម្ពុជា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន មិនបានប្រឹងប្រែងបញ្ចប់សង្គ្រាមកាលពី២០ឆ្នាំមុនទេនោះ ច្បាស់ណាស់កម្ពុជា មិនអាចមានការអភិវឌ្ឍដូចពេលបច្ចុប្បន្នឡើយ។ ដូចនេះ សុខសន្តិភាព គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនដែលសន្តិភាពនេះ សម្តេចតេជោ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប នៃគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងយកជីវិតទៅប្តូរមកនេះ គឺជាកត្តាសត្យានុម័តនាំឲ្យជាតិយើងមានសមិទ្ធផលដូចពេលបច្ចុប្បន្ន។

លោកបណ្ឌិតម៉ាឈឿនថ្លែងទៀតថា «ដើម្បីជាតិយើងទទួលបានការអភិវឌ្ឍរីកចម្រើនលូតលាស់ទៅមុខទៀត យើងជាសមាជិកបក្ស គឺត្រូវរួមគ្នាបំពេញការងារនេះឲ្យបានល្អ និងបន្ដពន្យល់ប្រាប់ ទៅប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិការទី៦ នៅថ្ងៃទី២៩ កក្កដាខាងមុខនេះ និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រក្សាបានសុខសន្តិភាព រក្សាសមិទ្ធផលជាតិ និងបន្តនាំជាតិឲ្យកាន់តែរីកចម្រើន»។

ក្នុងឱកាសសំណេះសំណាលជាមួយ និងសកម្មជន និងឃោសនិកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅស្នាក់ការបក្សគណបក្សប្រជាជនកម្ពុជា នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន ណែនាំដល់សមាជិកបក្សខ្លួន ត្រូវត្រៀមមធ្យោបាយ និងសម្ភារដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតដ៏ខ្លីខាងមុខ ដែលប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨ និងត្រូវបន្តរួមគ្នាពង្រីកសមាជិកបក្សថ្មីបន្ថែម សំដៅពង្រីកសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបានច្រើន ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។ ម្យ៉ាងទៀត ត្រូវខិតខំបន្តពន្យល់ប្រជាពលរដ្ឋ ពីការខិតខំស្វែងរកសន្តិភាព រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការខិតខំអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ម៉ា ឈឿន បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋមួយចំនួន មិនបានទៅបោះឆ្នោត មិនមានទោសទេ តែអ្នកដែលរារាំងគេ មានចេតនាមិនឲ្យប្រជាជនទៅបោះឆ្នោត អ្នកនោះត្រូវមានទោស។
គេមិនមែននិយាយ គ្រាន់តែប្រឆាំងរាជរដ្ឋាភិបាលទេ តែគេហ៊ានប្រឈមទៅនឹង ជាមួយព្រះមហាក្សត្រ ប្រឆាំងមហាក្សត្រ ស្មើនឹងការប្រឆាំងនឹងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ៕