(ភ្នំពេញ)៖ លោក អារណូ ដាក ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានថ្លែងឲ្យដឹងថា ព្រឹត្ដិការណ៍តាំងពិព័រណ៌អឺរ៉ុប (EuroFair) ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះ នឹងបង្កើននូវចំណងទំនាក់ទំនង ផ្នែកពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-អឺរ៉ុប កាន់តែរឹងមាំបន្ថែមទៀត ខណៈដែលក្រុមហ៊ុនអឺរ៉ុបជាច្រើន នឹងមកដាក់តាំងបង្ហាញផលិតផលទំនើបៗរបស់ខ្លួន ជាលើកទីមួយនៅកម្ពុជា។
លោកបន្ដថា នេះគឺជាឱកាសមួយ ដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុនធុរកិច្ច និងអ្នកប្រើប្រាស់ ដែលអាចមកជួបគ្នា ស្វែងយល់ឱ្យបានកាន់តែច្រើនឡើង អំពីបណ្ដាប្រទេសនៅអឺរុប ដែលផលិត និងផ្ដល់សេវាកម្មនានា ជូនអ្នកប្រើប្រាស់ ទាំងនៅកម្ពុជា ក៏ដូចជានៅបរទេស។ ពិព័រណ៍នឹងមានរយៈពេល៣ថ្ងៃ ប៉ុន្តែដោយឡែក ពិធីសម្ពោធបើកពិព័រណ៍នេះនឹងជាឱកាសមួយដ៏ល្អឯក ដែលអនុញ្ញាតឱ្យលោកអ្នកបានជួបគ្នា ស្វែងយល់ពីគ្នា និងប្រាស្រ័យទាក់ទងជាមួយអ្នក ដែលនៅពីក្រោយក្រុមហ៊ុនទាំងនេះ នៅក្នុងទីតាំងតែមួយ។
ពិព័រណ៍អឺរ៉ុប (EuroFair) ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីជំរុញឱ្យមានការកសាងទំនាក់ទំនងថ្មីៗ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ រវាងកម្ពុជា និងបណ្ដាក្រុមហ៊ុនដែលតំណាងឱ្យតំបន់មួយ ដែលមានសេដ្ឋកិច្ចសំខាន់បំផុត នៅក្នុងពិភពលោក ហើយក្រុមហ៊ុនទាំងអស់នឹងមានវត្តមាន នៅកន្លែងតែមួយ ដែលមានភាពអធឹកអធ័ម និងពេញនិយម។ ពិព័រណ៍ពាណិជ្ជកម្មចំនួន៣ថ្ងៃ នឹងមានការតាំង បង្ហាញណែនាំផលិតផល ព្រមទាំងមានកម្មវិធីកសាងទំនាក់ទំនង ដែលរំពឹងថានឹងមានមហាជនអញ្ជើញ ចូលរួមទស្សនាជាងមួយម៉ឺននាក់ មកពីគ្រប់ស្រទាប់វណ្ណៈនៃសង្គមកម្ពុជា។
នេះគឺជាលើកទីមួយហើយ ដែលព្រឹត្តិការណ៍ដ៏ល្អឯកបែបនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញ ពង្រីក និងបង្កើតទំនាក់ទំនង ក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងអឺរ៉ុប សម្រាប់បច្ចុប្បន្នកាល ក៏ដូចជាសម្រាប់អនាគតកាល។
សភាពាណិជ្ជកម្មអឺរ៉ុប ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងក្រុមរៀបចំពិព័រណ៍អឺរ៉ុបនេះ និងសូមសម្ដែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងខ្មែរ (CCIFC) សភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សភាពាណិជ្ជកម្មអឺរ៉ុបខាងជើង សភាពាណិជ្ជកម្មអ៊ីតាលី (ICBA) ព្រមទាំងក្រសួងពាណិជ្ជកម្មនៃកម្ពុជាដែលបានគាំទ្រកម្មវិធីនេះយ៉ាងពេញទំហឹង ៕