(កំពត)៖ ភរិយាអភិបាលខេត្តកំពត លោកស្រី លាង ហៃ ជាវ តាយ ប្រធានកិតិ្តយសគណចលនាស្រ្តីខេត្តកំពត បានផ្តាំផ្ញើដល់បណ្តាញចលនាស្ត្រី ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ច ឲ្យកាន់តែបានខ្ជាប់ខ្ជួន ដោយបំផុសដល់ប្រជាពលរដ្ឋគ្រប់ភូមិសាស្ត្រនៃស្រុកជុំគិរី ត្រូវបំបាត់នូវករណីហិង្សាក្នុងគ្រួសារ។
លោកស្រី ក៏បានអំពាវនាវដល់មន្រី្តគណបក្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកជុំគិរី សូមកុំចាញ់ការញុះញង់ របស់ជនអគតិមួយចំនួន ដែលមានបំណងចង់បំផ្លាញជាតិ។
លោកស្រី លាង ហៃ ជាវ តាយ បានអំពាវនាវបែបនេះ ក្នុងឱកាសជាគណអធិបតី ពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់បណ្តាញចលនាស្ត្រី១៣១នាក់ ថ្នាក់ស្រុក-ឃុំ និងភូមិ នៅស្រុកជុំគិរី ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជុំគិរី។
ក្នុងពិធីនេះដែរលោកស្រី លាង ហៃ ជាវ តាយ បានលើកឡើងទៀតថា ស្ត្រីមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ហើយប្រទេសជាតិទាំងមូលពិតជាត្រូវការចាំបាច់បំផុត នូវចលនារបស់ស្ត្រីដែលជាមាតានៃពិភពលោក។
លោកស្រីប្រធានកិតិ្តយស បានបញ្ជាក់ទៀតថា ដោយសារបច្ចុប្បន្នស្ត្រីនៅទូទាំងប្រទេសភាគច្រើនមានការយល់ដឹងពីសង្គម និងមានចំណេះដឹងខ្ពស់នោះ គឺបានធ្វើឲ្យករណីហិង្សាក្នុងគ្រួសារមានអាត្រាថយចុះ រហូតដល់គ្មានករណីនេះកើតឡើងដូចមុនៗ ទៀតឡើយ។
លោកស្រីបន្តទៀតថា ស្ត្រីត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ពិសេសត្រូវសហការរវាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ហើយត្រូវជំរុញដល់ស្ត្រីទូទាំងតំបន់របស់ ឲ្យចូលរួមជាមួយចលនាស្ត្រី ក្នុងជួរគណបក្សប្រជាជនកម្ពុជាឲ្យបានកាន់តែផុលផុសឡើង ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនឥតឈប់ឈរ។
ជាមួយគ្នានេះ ភរិយាអភិបាលខេត្តកំពត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងស្រុកជុំគិរី ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕