Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកស្អាង ឃាត់គ្រឿងចក្រកាយដីព្រៃលិចទឹក នៅឃុំកំពង់ស្វាយ និងឃុំស្វាយប្រទាល តែព្រឹកឡើងម្ចាស់ដីហៅគ្រឿងចក្រ២គ្រឿងទៀត ទៅកាយបន្ត

26-06-2018 18:20

(កណ្តាល)៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោក ម៉ៅ ភុណ អភិបាលខេត្តកណ្តាល លើការខិតខំ យកចិត្តទុកដាក់បញ្ហាឈ្មួញលួចឈូសឆាយដីព្រៃលិចទឹក ដែលជាសម្បិត្តរដ្ឋ គឺត្រូវតែទប់ស្កាត់នោះ ទើបអាជ្ញាធរស្រុកកៀនស្វាយ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានបង្កើតគណកម្មការចម្រុះ ចុះទៅឃាត់គ្រឿងចក្រមួយកំពង់កាយដីព្រៃលិចទឹក ធ្វើជាប្រឡាយហ៊ំព័ទ្ធដីអតីតដែនឡូតិ៍នេសាទលេខ៤ ក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មកកាន់សាលាស្រុកដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។

ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋហួសចិត្តនោះ ដោយសារម្ចាស់នេះហាក់បីដូចជា មិនញញើត និងសកម្មភាពរបស់អាជ្ញាធរនោះទេ ដោយគ្រាន់តែចាប់១គ្រឿង ពីល្ងាច លុះព្រឹកឡើងម្ចាស់ដីហៅគ្រឿងចក្រ២ គ្រឿងទៀត ចូលមកលួចកាយយ៉ាងគគ្លើនទៅវិញ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ស្វាយ បាននិយាយថា អ្នកមើលការខុសត្រូវ នឹងហៅគ្រឿងចក្រមកកាយដីព្រៃលិចទឹកលិចខាងលើនេះ ហើយម្ចាស់ដីក៏គេស្គាល់ថា ជំទាវសោភណ្ឌឌី។

ពលរដ្ឋបានលើកឡើងថា ម្ចាស់ដីបានដាក់គ្រឿងចក្រកាយបានប្រវែងជាង៣០០០ម៉ែត្រ ដោយកាយជាប្រឡាយលើព័ទ្ធដីបឹងអតីតដែនឡូតិ៍នេសាទលេខ៤ នៅចំណុចចុងព្រែកទំនប់ ឃុំកំពង់ស្វាយ លុះដល់ល្ងាចថ្ងៃទី២៥ ខែមិថុនា គណៈកម្មការចម្រុះដឹកនាំដោយលោកអភិបាលរងស្រុកកៀនស្វាយ ចុះទៅឃាត់គ្រឿងចក្រនោះ ទៅកាន់សាលាស្រុកកៀនស្វាយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋឃុំកំពង់ស្វាយ សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរស្រុកកៀនស្វាយ ជួយបន្តចុះទៅឃាត់គ្រឿងចក្រ នៅចំណុចអតីតដែនឡូតិ៍នេសាទលេខ៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ បន្ថែមទៀតនោះ និងសូមឲ្យអាជ្ញាធរចាត់វិធានការការកាយលុបប្រឡាយដែលគេកាយរួចប្រវែង ជាង៣០០០ម៉ែត្រនោះវិញ ដើម្បីកុំឲ្យប៉ពាល់ដល់ការប្រកបរបរស្រែប្រាំងរបស់ពួកគាត់៕