(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មកទល់នឹងពេលសព្វថ្ងៃ គឺគ្មានថ្ងៃប្រែប្រួលនោះទេ មានតែថែរក្សា និងពង្រឹកបន្ថែមជាបន្តបន្ទាប់ ហើយជាពិសេសក្នុងដំណាក់ការចុងក្រោយនេះ គឺទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ស៊ី ជិនពីង គឺកាន់តែរីកចម្រើនទៅមុខ។
ការបញ្ជាក់របស់លោក ហ៊ុន ម៉ានី យ៉ាងដូច្នេះធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខ្លួន សហការជាមួយនឹងក្រុមគ្រូពេទ្យជំនាញមកពីខេត្តជាំងស៊ូ ប្រទេសចិនប្រមាណជិត១០០នាក់ ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ជូនប្រជាពលរដ្ឋប្រមាណ៨០០នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក LI Jie ភារៈធារី ស្ថានទូតចិនប្រចាំកម្ពុជា។
នាឱកាសនៃការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន រហូតមកទល់ពេលនេះ មានរយៈកាល៦០ឆ្នាំមកហើយ លើសពីនេះនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ កម្ពុជា និងចិននឹងប្រារព្ធពិធីអបអរសាទរ ដើម្បីរំលឹកឡើងវិញនៅខួប៦០ឆ្នាំ នៃទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរផងដែរ។
ក្រៅពីនេះ លោក ហ៊ុន ម៉ានី ក៏បានរំលឹកពីទំនាក់ទំនងប្រពៃណីរវាងកម្ពុជា និងចិន ដែលមានតាំងពីជំនាន់អតីតព្រះមហាក្សត្រនៃកម្ពុជា គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
លោកបន្ថែមទៀតថា «ទំនាក់ទំនងមួយនេះ កើតឡើងមកទល់នឹងពេលសព្វថ្ងៃ គឺគ្មានថ្ងៃប្រែប្រួលនោះទេ មានតែថែរក្សា និងពង្រឹកបន្ថែមជាបន្តបន្ទាប់ ហើយជាពិសេសក្នុងដំណាក់ការចុងក្រោយនេះ គឺរវាងសម្តេចតេជោ និងប្រធានាធិបតី ស៊ី ជិនពីង គឺកាន់តែរីកចំណងមិត្តភាពបន្ថែមទៀត»។
លោក LI Jie ភារៈធារីស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ជំនួយគាំទ្រកិច្ចការងាររបស់ចិនចំពោះកម្ពុជា គឺជាធាតុផ្សំដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីជីវភាពប្រជាជនរបស់ចិន-កម្ពុជា និងជាការសបញ្ជាក់ដ៏គួរឲ្យចាប់ចិត្ត នៃមិត្តភាពជាប្រពៃណីរវាង ចិន-កម្ពុជា ដែលទទួលបានការស្វាគមន៍ជាទូទៅពីសំណាក់ប្រជាជនគ្រប់តំបន់»។
លោកបន្តថា នាថ្ងៃខាងមុខភាគីចិន នឹងបន្តផ្តល់ជំនួយគាំទ្រលើកិច្ចការកែលម្អខាងអនាម័យ និងសុខាភិបាលសាធារណៈ និងកិច្ចការលើកកម្ពស់ជីវភាពប្រជាជនរបស់កម្ពុជា ទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន ដើម្បីជំរុញដល់ការអភិវឌ្ឍ នៃមិត្តភាពជាប្រពៃណីរបស់ ចិន-កម្ពុជា ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលរវាងប្រជាជនទាំងពីរផងដែរ។
សូមជម្រាបថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥៣លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៣២០,៦៨៦នាក់ (សាមសិបពីរម៉ឺន សូន្យពាន់ ប្រាំមួយរយប៉ែតសិបប្រាំមួយនាក់)៕