(ឧត្តរមានជ័យ)៖ ដោយមើលឃើញពីគុណតម្លៃដ៏សំខាន់នៃសុខភាពសម្រាប់ជីវិតរបស់ប្រជាពលរដ្ឋនោះ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យជាច្រើននាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់ មកពីភូមិចំនួន៣ ក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋដែលទទួលបានការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺពួកគាត់ភាគច្រើនមានលំនៅឋានឆ្ងាយពីមន្ទីរពេទ្យបង្អែកស្រុក ជាហេតុធ្វើឲ្យពួកគាត់មិនដែលបានពិនិត្យសុខភាព ហើយអ្នកខ្លះក៏កំពុងកើតជំងឺតម្កាត់ផ្សេងៗផងដែរ។

លោក គន់ គីម បានថ្លែងក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឈរលើស្មារតីនេះរាជរដ្ឋាភិបាលបានប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍សេវាសុខាភិបាល ហើយបានពង្រាយមន្ទីរពេទ្យ និងមណ្ឌលសុខភាពទៅកាន់តែកៀកផ្ទះរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដល់តាមគេហឋានថែមទៀតផង។

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យរូបនេះ ក៏បានរំលឹកប្រជាពលរដ្ឋផងដែរថា សុខភាពគឺជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋសម្រាប់មនុស្សគ្រប់រូប ពោលបើមានជំងឺហើយនឹងធ្វើឲ្យការរស់នៅ និងប្រកបការងារមិនបានល្អប្រសើរ ហើយធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃផងដែរ។ យោងទៅលើហេតុផលសារៈសំខាន់នៃសុខភាពសម្រាប់ជីវិតនេះ លោក គន់ គីម បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចេះថែទាំសុខភាព ដោយអនុវត្តន៍នូវវិធាននៃការរស់នៅដោយត្រូវរស់នៅស្អាត ហូបស្អាត និងមានអនាម័យឲ្យបានខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ។

បងប្អូនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលដោយឥតគិតប្រាក់នេះ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ៕