(ភ្នំពេញ)៖ អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ ដែលរងការចោទពីបទឆបោក នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស។ នេះបើតាមមន្ដ្រីតុលាការ ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅល្ងាចថ្ងៃនេះ។
សូមជម្រាបថា អ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ លោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាយខ្នោះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ខណៈដែលអ្នកយកព័ត៌មានរូបនេះ កំពុងធ្វើដំណើរមកភ្នំពេញ។
ការចាប់ខ្លួនលោក ហ៊ាង លីហាក់ បានកើតឡើងដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយចោទប្រកាន់ ពីបទឆបោក ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តសៀមរាប កាលពីខែកក្កដា ឆ្នាំ២០១២។
ក្រោយការឃាត់ខ្លួនអ្នកយកព័ត៌មានរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ដទៀត។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើអ្នកយកព័ត៌មានរូបនេះ បោកប្រាក់គេប៉ុន្មាននោះទេ រហូតមានពាក្យបណ្តឹង ហើយចាប់ខ្លួនបែបនេះ៕