(ស្ទឹងត្រែង)៖ នាឱកាសចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើមន្ត្រីទាំងអស់ ធ្វើការពង្រឹងសមត្ថភាពជំនាញ និងភាសាបរទេស ព្រមទាំងកែប្រែរបៀបរបបធ្វើការប្រចាំថ្ងៃ ដើម្បីទទួលបានការតែងតាំងមុខតំណែងសំខាន់ៗនៅក្នុងអង្គភាព។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការតែងតាំងមុខតំណែងសម្រាប់មន្ត្រីក្នុងក្របខណ្ឌក្រសួងពាណិជ្ជកម្ម ត្រូវផ្អែកលើបទពិសោធន៍ការងារ និងចំណេះដឹងផ្នែកភាសាចំនួនបី គឺ៖ ភាសាជំនាញ ភាសាកុំព្យូទ័រ និងភាសាបរទេស។ លើសពីនេះ មន្ត្រីដែលទទួលបានការតែងតាំង ចាំបាច់ត្រូវតែមានគុណធម៌ ក្នុងការបំពេញការងារប្រចាំថ្ងៃ ទើបអាចដឹកនាំអង្គភាពឆ្ពោះទៅសម្រេចរាល់កិច្ចការសំខាន់ៗ ដែលថ្នាក់ដឹកនាំក្រសួង និងខេត្តបានប្រគល់ជូន។
«ក្មួយៗទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ និងគោរពឋានានុក្រមការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកិត្តិនាមអង្គភាពរបស់ខ្លួន។ ក្រសួងពាណិជ្ជកម្ម ចង់បានមន្ត្រីដែលចេះគោរពថ្នាក់ដឹកនាំ និងចេះសម្របសម្រួលដោះស្រាយរាល់បញ្ហានៅក្នុងអង្គភាព ដើម្បីនាំមកនូវវឌ្ឍភាពជូនក្រសួង និងរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បន្តពង្រឹងកិច្ចសហការចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ និងដកហូតរាល់ទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ សម្រាប់ធ្វើការដុតកំទេចចោលឲ្យបានញឹកញាប់ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ ត្រូវសហការតាមដានតម្លៃប្រេងឥន្ធៈថ្មី នៅតាមស្ថានីយចាក់ប្រេងនានា ដើម្បីការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ និងពង្រឹងការអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។
នៅចុងបញ្ចប់នៃអង្គពិធី លោកមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានប្រគល់ម៉ាស៊ីនកុំព្យូទ័រ និងព្រីនធើចំនួន ០១ឈុត ព្រមទាំងថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលប្រចាំខេត្តស្ទឹងត្រែង ដើម្បីទុកប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃ និងចំណាយផ្សេងៗទៅតាមតម្រូវការជាក់ស្តែង។
សូមបញ្ជាក់ដែរថា កាលពីថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈគ្រប់ប្រភេទចំនួន ៤សេន (១៦០រៀល) ក្នុងមួយលីត្រ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨តទៅ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការប្រើប្រាស់ប្រេងឥន្ធនៈប្រចាំថ្ងៃ។ តាមរយៈវិធានការនេះ នឹងធ្វើឲ្យរដ្ឋត្រូវខាតបង់ថវិកាប្រហែល ៣០លានដុល្លារអាមេរិកបន្ថែមទៀត បន្ទាប់ពីបានឧបត្ថម្ភដោយស្ងាត់ស្ងៀម រយៈពេល ៥ខែកន្លងមកនេះ ក្នុងទឹកប្រាក់ចំនួន ៨៣លានដុល្លារសហរដ្ឋអាមេរិក៕