(កំពង់ស្ពឺ)៖ មន្រ្តីរាជការកងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ ក្រុមយុវជន ស.ស.យ.ក ប្រជាការពារភូមិ នៅទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិទ្យាល័យឧដុង្គ បានប្រារព្ធទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ងួន វាសនា អភិបាលស្រុកឧដុង្គ។
លោក ងួន វាសនា បានឲ្យដឹងថា កម្មវិធីបានដង្ហែរក្បួនផ្សព្វផ្សាយគ្រឿងញៀន ដោយធ្វើឡើងតាមទីប្រជុំជន តាមភូមិមួយចំនួន និងឃុំមួយចំនួន ជាពិសេសតំបន់ផ្សារដែលមានមនុស្សច្រើនរស់នៅ។ លោកបានអំពាវនាវឲ្យប្រជាជនដែលមានកូនចៅ ចូលរួមជាប្រចាំអំពីបញ្ហាគ្រឿនញៀន ដើម្បីឲ្យពួកគេគេចផុតពីការប្រើប្រាស់គ្រឿងញៀន ជាពិសេសចាញ់ឧបាយកល ពួកជនសង្គមងងឹតជួញដូរគ្រឿងញៀនផងដែរ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ការបើកយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងអប់រំ គ្រួសារប្រជាពលរដ្ឋណាមិនមានការប្រើប្រាស់កុំឲ្យប៉ះពាល់តែម្តង ដោយឡែកគ្រួសារដែលមានកូនចៅ ប៉ះពាល់នឹងគ្រឿនញៀន អាជ្ញាធរត្រូវហៅមកអប់រំ ជាពិសេសតាមដានគ្រប់សកម្មភាពធានា កុំឲ្យរីករាលដាលដល់គ្រួសារដទៃ និងធ្វើឲ្យប៉ះពាល់នៃយុទ្ធនាការ ភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។
ក្នុងកម្មវិធីនេះដែរ រដ្ឋបាលស្រុកឧត្តុង្គបានចែកខិត្តបណ្ណពាក់ពន្ធនឹងគ្រឿងញៀន ចំនួនជាង២០០០សន្លឹក ព្រមទាំងបានលើកបាដាពាក្យស្លោកពាក់ពន្ធនឹងគ្រឿងញៀនជាច្រើន នៅក្នុងភូមិ-ឃុំដែលបានដង្ហែរ៕