(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិនលោក ផាន់ ចាន់ធុល បានជំរុញដល់ប្រធានមន្ទីរទេសចរណ៍ខេត្តថ្មី ត្រូវតែយកចិត្តទុកដាក់ក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេស ត្រូវមានការសាមគ្គីភាព ក្នុងមន្ទីរសាម៉ី និងស្ថាប័នជុំវិញខេត្ត រៀបចំច្នៃប្រឌិតអភិវឌ្ឍន៍កន្លែងកំសាន្ត ឬរមនីយដ្ឋាននានា ឱ្យបានល្អដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកកំសាន្តកាន់តែកើនឡើងថែមទៀត។

លោក ផាន់ ចាន់ធុល បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក និងលោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញប្រកាសតែងតាំងប្រធានមន្ទីរទេសចរណ៍ខេត្តថ្មី នៅសាលាខេត្តប៉ៃលិន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរ និងថ្នាក់ដឹកនាំខេត្តប៉ៃលិនទាំងអស់ ត្រូវតែបំពេញការងារតាមតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន និងពង្រឹងអង្គភាពខ្លួនឱ្យមានការរីកចម្រើនជាលំដាប់ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍ ដើម្បីប្រសិទ្ធភាពការងារលើវឌ្ឍភាពខេត្តទាំងអស់គ្នា។

ទន្ទឹមនឹងនេះ លោក ជា បូរ៉ា បានថ្លែងថា មន្ត្រីទេសចរណ៍ទាំងអស់ ត្រូវមានជំនាញផ្នែកទេសចរណ៍ច្បាស់លាស់ ជំនាញផ្នែកកែច្នៃទីកន្លែងធម្មតា ឱ្យទៅជារមណីដ្ឋានធម្មជាតិគួរឱ្យទាក់ទាញ។ លោកក៏បានឱ្យខាងប្រធានមន្ទីរថ្មី ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួនទៅបន្ត ជំនាញផ្នែកទេសចរណ៍បើខ្វះខាត ព្យាយាមផ្តល់អាជ្ញាប័នឱ្យបានឆាប់រហ័សងាយស្រួលដល់អ្នកប្រតិបត្តិទេសចរណ៍ ដំណើរការដោយរលូន។

បន្ថែមលើនេះ លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ខេត្តប៉ៃលិនបច្ចុប្បន្នមានភាពរីកចម្រើននូវតំបន់រមណីយដ្ឋាន និងតំបន់កំសាន្ត (អាហារដ្ឋាន) តាមដងអូរ ជាកន្លែងកម្សាន្តសម្រាប់ពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវអន្តរជាតិចូលមកទស្សនាគួរឲ្យកត់សំគាល់។ លោកបន្តថា ភ្ញៀវទេសចរណ៍មកកំសាន្តនិងស្នាក់នៅក្នុងខេត្តសរុបមានចំនួន ៤១.០៧៥នាក់ ក្នុងនោះមាន ភ្ញៀវជាតិចំនួន ៣៩.៦៤១នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានការថយចុះ ៦៩ភាគរយ និងភ្ញៀវអន្តជាតិមានចំនួន ១៤.៣៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានការថយចុះ ៨៨ភាគរយ។

ដោយឡែកនៅដើមឆ្នាំ២០១៨នេះ គិតត្រឹមត្រីមាស១ ភ្ញៀវទេសចរណ៍មានចំនួន ១៥.១៧៨នាក់ បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៧ ភ្ញៀវទេសចរណ៍មានចំនួន មានចំនួន ៦,០១៦នាក់ មានការកើនឡើងរហូតដល់ ២៦១ភាគរយ។ ក្នុងនោះ រមណីយដ្ឋានមានសក្តានុពលទាក់ទាញមាន៤កន្លែងគឺ៖ ទី១-រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត, ទី១-រមណីយដ្ឋានធម្មជាតិ អេកូទេសចរណ៍ទឹកធ្លាក់អូតាវ៉ៅ, ទី៣-រមណីយដ្ឋានធម្មជាតិកែឆ្នៃចំការខ្នុរ, និងទី៤-រមណីយដ្ឋានធម្មជាតិភ្នំដំបង។

លោក លឹម វាសនា ដែលត្រូវបានទទួលការតែងតាំងជាប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនថ្មី បានប្តេជ្ញាចិត្តបម្រើការងារឲ្យបានល្អប្រសើរ និងរីកចម្រើនក្នុងមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ឲ្យមានការរីកចម្រើន និងសាមគ្គីភាពក្នុងស្ថាប័នដើម្បីជាធ្លុងមួយ អភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យកាន់តែមានសក្តានុពលខ្ពស់ និងប្រសិទ្ធភាពការងារ។

គួរជម្រាបថា ក្នុងឱកាសនោះដែរ មន្រ្តីរាជការនៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ត្រូវបានបំពាក់គ្រឿងឥស្សរិយយសមាន៖ ១-លោក លឹម វាសនា មេដាយសុវត្ថា (ថ្នាក់សេនា) ជាប្រធានមន្ទីរ, ២-លោក ស្រេង ឡាយ មេដាយការងារមាសស ជាអនុប្រធានមន្ទីរ, ៣-លោក ស៊ូ គឹមសាន មេដាយមាសការងារ ជាប្រធានការិយាល័យ, ៤-លោក សៀន វណ្ណសង់ មេដាយការងារប្រាក់ ជាប្រធានការិយាល័យ, ៥-លោក ម៉ើក កុសេម អនុប្រធានមេដាយការងារប្រាក់ ជាអនុប្រធានការិយាល័យ, ៦-លោក ហ៊ុយ សារ៉ាត់ មេដាយការងារប្រាក់ ជាអនុប្រធានការិយាល័យ, និង៧-កញ្ញា ស៊ូ សាក់ស៊ិនសូរិន្ធចម មេដាយការងារសំរិទ្ធ ជាអនុប្រធានការិយាល័យ៕