(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងព្រះវិហារ ដែលមកទទួលការពិនិត្យ ព្យាបាលដោយឥតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់គិតគូរ ពីផលប្រយោជន៍របស់ប្រទេសជាតិ គិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋ ជាចំបង ក្នុងគោលបំណងរក្សា និងបង្កើននូវធនធានមនុស្ស ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន។
តាមរយៈការគិតគូនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញឲ្យក្រុមការងារតាំងពីថ្នាក់ជាតិ ថ្នាក់កណ្តាល រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ លើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាបង្កើតក្រុមគ្រូពេទ្យស្ម័គ្រធ្វើការពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដល់មូលដ្ឋានដោយឥតគិតថ្លៃ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់ខេត្តព្រះវិហារ ដែលជាខេត្តមួយនៅចុងកាត់មាត់ញក ជាប់និងព្រំដែនប្រទេសថៃ ប្រទេសឡាវ គឺបងប្អូនប្រពលរដ្ឋ បានទទួលសេវាពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសម្តេចតេជោ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អ្នកតំណាងរាស្ត្រក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីក្រៅប្រទេស។
ជាក់ស្តែងនៅថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ បានមកពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្រុងព្រះវិហារ ហើយនិងបន្តចុះពិនិត្យ ជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមក្រុង ស្រុកទាំង៨ របស់ខេត្តព្រះវិហារជាបន្តទៀត។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ពិសេសគឺត្រូវពិនិត្យឲ្យបានគ្រប់ៗគ្នា។ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សណា ដែលបងប្អូនពេញចិត្ត គណបក្សណាដែលបំរើបងប្អូនពិតប្រាកដ៕