(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកស្រី ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និងស្វាមី ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយបានមូលមតិគ្នានាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តវិហារសំណរ និងវត្តព្រះអង្គតុលការ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រីកិត្តិសង្គហបណ្ឌិត បានឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួល បានភោគផលល្អនៅក្នុងឆ្នាំនេះឲ្យប្រទេសជាតិឲ្យជៀសផុតពីជម្ងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងទៀតថា ពិធីនេះកំណត់រដូវចូលវស្សា៣ខែនោះ ព្រះសង្ឃអាចនិមន្តទៅកាន់ទីនិគមន៍ណាក៏បាន ប៉ុន្តែត្រូវនិមន្តមកដល់វត្តវិញ ឱ្យបានមុនពេលអរុណរះ នៃថ្ងៃដែលលោកនិមន្តចេញទៅនោះ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កាលដែលយើងបានធ្វើបុណ្យធ្វើទាននៅថ្ងៃនេះ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ហើយសន្តិភាពនេះមិនអាចកើតឡើង ដោយឯកឯងបាននោះទេ បើគ្មានសម្តេចតេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឲ្យមានការអភិវឌ្ឍន៍ រីកចំរើន លើគ្រប់វិស័យ ពិសេស នគោលយោបាយបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះកុំខាន ក្នុងនាមជាពលរដ្ឋល្អហើយបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កាលេខរៀងទី២០ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៦ និងអាណត្តិក្រោយៗបន្តទៀត។
ទេយ្យវត្ថុ ទេយ្យទាន និងគ្រឿង ឧបភោគ បរិភោគ ដែលលោកស្រីកិត្តិសង្គហបណ្ឌិត នាំយកទៅប្រគេន នាឱកាសនោះ មាន ៖ ទានព្រះវស្សា, អង្ករ, ប្រេងម៉ាស៊ូត, ទឹកសុទ្ធ ទឹកក្រូច, មី, ស្កសរ, ទឹកដោះគោ, កាហ្វេ, ត្រីខកំប៉ុង, តែ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ប៊ីចេង, អំបិល, ខ្ទឹមស, ម្សៅស៊ុប, ត្រីងៀត ត្រីប្រាហើម សាច់ក្រក ផ្លែឈើ កន្ទេលខ្សែ, ផ្ទិលសម្រាប់ដាក់បច្ច័យ, ធុងទឹកកក បច្ច័យប្រគេនព្រះសង្ឃ ទាំងពីរកន្លែងខាងលើនិងបច្ច័យសម្រាប់កសាង និងបានចែកក្រណាត់ស និងថវិកា ជូនដល់លោកយាយ លោកតា គណៈកម្មការវត្ត និងលោកអាចារ្យដែលបានចូលរួមផងដែរ៕