(សៀមរាប)៖ គិតត្រឹមឆមាសទី១ ដើមឆ្នាំ២០១៨ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់រមណីដ្ឋានអង្គរជួសជុលលំនៅដ្ឋាន និងសំណង់ស្រាលៗចំនួន ៦២៤ករណី ដូចជាតសំយ៉ាប ដូរសសរផ្ទះ ដូរជញ្ជាំងផ្ទះ ដូរដំបូលផ្ទះ ធ្វើបង្គន់ ធ្វើរបងផ្ទះជាដើម។
របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០១៨ របស់ក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
របាយការណ៍បានលើកឡើងថា ក្រុមការងារសហគមន៍ទាំង៥ក្រុង-ស្រុក ក្នុងនោះមានក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ បានចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអនុញ្ញាតប្រភេទសំណង់ស្រាល តាមការស្នើសុំរបស់ពួកគាត់មកអាជ្ញាធរជាតិអប្សរា ដែលប្រភេទសំណង់ទាំងនោះ មានតសំយ៉ាប ដូរសសរផ្ទះ ដូរជញ្ជាំងផ្ទះ ដូរដំបូលផ្ទះ ធ្វើបង្គន់ ធ្វើរបងផ្ទះជាដើម។
លោក ស៊ុ ម៉ាប់ បានលើកឡើងថា ការងារសហគមន៍ជារឿងចាំបាច់ ដែលអាជ្ញាធរជាតិអប្សរាត្រូវតែធ្វើ និងចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមគោលដៅរៀងៗខ្លួន ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ និងសម្របសម្រួលជូនប្រជាពលដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះវាទាក់ទងនឹងជីវភាព ជាពិសេសគឺសុខទុក្ខរបស់ពួកគាត់ជាចាំបាច់។
លោកបានបន្តថា ដើម្បីឱ្យការងារសហគមន៍កាន់តែមានប្រសិទ្ធភាពខ្ពស់ សូមក្រុមការងារសហគមន៍នីមួយៗ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការងារចុះតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋបន្តដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដែលនូវសេសសល់ឱ្យដាច់ស្រេច៕