(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គិសនីកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងពិធី នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គិសនីកម្ពុជា ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព បានឧបត្ថម្ភសម្ភារៈ និងថវិកា ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ សរុបជាថវិកាប្រមាណ ៤,៦០០,០០០ដុល្លារអាមេរិក ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៤២ កងពលតូចអន្តរាគមន៍លេខ១៤ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងវរសេនាតូចលេខ១ ខេត្តពោធិ៍សាត់ ព្រមទាំងបានសហការ តភ្ជាប់ចរន្តអគ្គិសនី ជូនបណ្តាអង្គភាពទ័ពមួយចំនួន សំដៅរួមចំណែកពង្រឹងសមត្ថភាព អង្គភាពឱ្យកាន់តែរឹងមាំ ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។
អគ្គមេបញ្ជាការរូបនេះ បានបន្តថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជាតិ ការពារបូរណភាពទឹកដី និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជានោះឡើយ។
បើតាមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទោះក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យបានរឹងមាំនូវសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ និងនាំមកនូវសុខដុមរមនា ភាពសម្បូររុងរឿងជូនប្រជាពលរដ្ឋកម្ពុជាជានិច្ចនិរន្តរ៍៕