(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា ស្ថាប័នអង្គភាពពាក់ព័ន្ធ វិស័យឯកជន សាសនា និងប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតាមសហគមន៍ឱ្យបានល្អប្រសើរ ដើម្បីប្រទេសជាតិ ចាកផុតពីក្តីវិនាសបំផ្លាញដោយសាគ្រឿងញៀន។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបែបនេះ បានថ្លែងបែបនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» និងមានការអញ្ជើញចូលរួមពីសំណាក់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក សៀង សុខ ព្រះរាជអាជ្ញារងអមរាជធានីភ្នំពេញ, តំណាងឯកអគ្គរាជទូត អគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំកម្ពុជា តំណាងសាលារាជធានីភ្នំពេញ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប៣,៨០៩នាក់ នៅសាលមហោស្រពកោះពេជ្រ។
ប្រធានអាជ្ញាធរគ្រឿងញៀនរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «គ្រប់អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា ស្ថាប័ន អង្គភាពពាក់ព័ន្ធ វិស័យឯកជន សាសនា និងប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ ដើម្បីបន្តរក្សាការពារ ជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ មានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ របស់ប្រទេសជាតិយើង យើងត្រូវចូលរួមទប់ស្កាត់គ្រឿងញៀន នៅតាមសហគមន៍ឱ្យបានល្អប្រសើរ ដើម្បីសង្គម ប្រទេសជាតិចាកផុតពីក្តីវិនាស បំផ្លាញដោយសាគ្រឿងញៀន»។
ឧបនាយករដ្ឋមន្ត្រីបានបន្តថា ជារៀងរាល់ឆ្នាំ ថ្ងៃទី២៦មិថុនា ជាថ្ងៃដែលមហាសន្និបាទអង្គការសហប្រជាតិឆ្នាំ១៩៨៧ សម្រេចកំណត់យក សម្រាប់ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទផ្សេងៗ ដើម្បីដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូប ឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នានា ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន និងបំផុលស្មារតី ក៏ដូចអំពាវនាវឱ្យយកចិត្តទុកដាក់ នឹងចូលរួមយ៉ាងសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពដែលគាំទ្រដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងប្រយោល។ ដូច្នេះ ក្នុងនាមប្រទេសសមាជិកអង្គការសហប្រជាតិ កម្ពុជាបានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងគ្រប់យន្តការ និងសកម្មភាព ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងអន្តរជាតិ។
លោកបន្តថា ការប្រារព្ធទិវាដ៏មានអត្ថន័យថ្ងៃនេះ គឺការបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីឆន្ទះដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតស៊ូយ៉ាងប្តូរផ្តាច់ បង្ការទប់ស្កាត់ និងបង្រ្កាបឱ្យខានតែបាននូវរាល់បញ្ហា ក៏ដូចជាបទល្មើសដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨ កន្លងមកនេះ បានបង្ក្រាបបទលល្មើសដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួនចំនួន២៨៧០ករណី ចាប់ខ្លួនជនសង្ស័យចំនួន៥៧០២នាក់ នឹងរឹបអូសគ្រឿងគ្រប់ប្រភេទបានចំនួន៩៣គីឡូក្រាម និង១៩៨ក្រាម, រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន៩៣៦៤នាក់ បានផ្តល់ការព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន ចំនួន៧០៥៦នាក់ គឺស្មើនឹង៧៥.៣៥% នៃអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន។
ជាក់ស្តែងការលួចលាក់ចរាចរឆ្លងកាត់នូវសារធាតុញៀន ចូលមកកម្ពុជាដោយខុសច្បាប់ និងសារធាតុប៉ះពាល់ ដល់ប្រព័ន្ធប្រសាទប្រភេទថ្មី ពីតំបន់ផ្សេងៗ នៃពិភពលោករួមមានដូចជា៖ តំបន់អាមេរិកខាងត្បូង តំបន់អាហ្វ្រិក តំបន់អឌ្ឍច័ន្ទមាស តំបន់ត្រីកោណមាស នៅតែបន្តកើតមាន និងបង្កផលប៉ះពាល់យ៉ាងច្រើន ទៅលើសុខមាលភាព និងជីវភាពរស់របស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ដែលរាជរដ្ឋាភិបាល ត្រូវតែចាត់វិធានការបន្តដ៏ម៉ឹងម៉ាត់បំផុត ដើម្បីដោះស្រាយបញ្ហាទាំងនេះ ឱ្យខាងតែបាន៕