(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួល ដោយមានស្នាមជាំពេញមុខ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលស្ថិតនៅក្នុងចំណុចផ្ទះជួលបន្ទប់លេខ៣០ ផ្លូវបេតុង ក្រុម១២ ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សពរងគ្រោះមានឈ្មោះ វេង ពិសិទ្ធ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិជីអោក ឃុំជីអោក ស្រុកបារាយ ខេត្តកំពង់ធំ និងប្រពន្ធឈ្មោះ ឈុំ សុខណៃ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ និងមានកូនប្រុសចំនួន២នាក់ បច្ចុប្បន្នអ្នកទាំង២នាក់ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះ ដើម្បីទៅយកកូនប្រុស២នាក់ ដែលចេញសាលារៀន ស្រាប់តែពេលនោះ គេបានឃើញជនរងគ្រោះត្រឡប់មកវិញ ដោយគ្មានឃើញកង់ និងកូនប្រុសតូចៗទាំង ២នាក់មកជាមួយទេ តែបែរជាឃើញខោអាវរបស់ជនរងគ្រោះ ប្រឡាក់ទៅដោយដីជាច្រើន ហើយនៅលើផ្ទៃមុខមានស្នាមជាំច្រើនកន្លែងទៀត។
ភ្លាមៗនោះ ស្រាប់តែជនរងគ្រោះបានដួលសន្លប់នៅមុខក្លោងទ្វារផ្ទះជួល ហើយក៏ត្រូវប្រជាពលរដ្ឋ និងម្ចាស់ផ្ទះជួល បាននាំគ្នាលើកជនរងគ្រោះ មកដាក់ក្នុងបន្ទប់ជួល តែពេលនោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកធ្វើការត្រួតពិនិត្យទៅលើសាកសព។ ប៉ុន្តែក្រោយមក ក្រុមគ្រួសាររបស់ជនរងគ្រោះ មិនបានប្ដឹងផ្ដល់អ្វីនោះឡើយ ហើយក៏ត្រូវសមត្ថកិច្ចធ្វើកិច្ចសន្យា មិនប្តឹងផ្តល់ និងប្រគល់សាកសពជនរងគ្រោះខាងលើ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕