(ភ្នំពេញ)៖ នាយទាហានជាន់ខ្ពស់ កងទ័ពជើងគោកចំនួន៧៧រូប ត្រូវបានព្រះមហាក្សត្រ, រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម), មេបញ្ជាការកងទ័ពជើងគោក តែងតាំងផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក, ឧត្តមសេនីយ៍ទោ, ឧត្តមសេនីយ៍ត្រី, និងថ្នាក់វរសេនីយ៍ឯក មានមុខងារជាមេបញ្ជាការរង, នាយរងសេនាធិការកងទ័ពជើងគោក ខ.ភ.ម, និងជាមេបញ្ជាការរងយោធភូមិភាគពិសេស។

ការតែងតាំងនេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមសាឍ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រុងភ្នំពេញ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការចូលរួមពីសំណាក់ មេបញ្ជាការរង, នាយរងសេនាធិការ, និងកងទ័ពជើងគោកជាច្រើនរូបផងដែរ។

ក្នុងព្រះរាជក្រឹត្យ, អនុក្រឹត្យ, និងសេចក្តីប្រកាស របស់ព្រះមហាក្សត្រ, រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គមេបញ្ជាការ ខ.ភ.ម, មេបញ្ជាការកងទ័ពជើងគោក ដែលអានដោយឧត្តមសេនីយ៍ត្រី ដួង ថ្លា នាយរងការិយាល័យទី១ កងទ័ពជើងគោក បានសម្រេចដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯកជូន ឧត្តមសេនីយ៍ទោ ថោង ថាវរិន្ទ, ឧត្តមសេនីយ៍ទោ ពៅ សុខា, ឧត្តមសេនីយ៍ទោ អ៊ួន សារឿន, ឧត្តមសេនីយ៍ទោ ឃុន ធាងលី, និងឧត្តមសេនីយ៍ទោ ស៊ាម ហ៊ ជាមេបញ្ជាការរងកងទ័ពជើងគោក។

ជាមួយគ្នានេះ បានសម្រេចដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ មានមុខងារនាយរងសេនាធិការកងទ័ពជើងគោកចំនួន ២១រូប, ថ្នាក់ឧត្តមសេនីយ៍ត្រី ជានាយការិយាល័យចំនួន ៤២រូប, ថ្នាក់វរសេនីយ៍ឯក ៣រូប, និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ថ្នាក់មេបញ្ជាការរងកងទ័ពជើងគោកចំនួន១រូប, មុខងារនាយរងសេនាធិការចំនួន៦រូប, និងជាមេបញ្ជាការរងយោធភូមិភាគពិសេសចំនួន ១រូបផងដែរ។

នាយឧត្តមសេនីយ៍ មាស សុភា ថ្លែងថា នេះគឺជាការផ្តល់កិត្តិយស និងការលើកទឹកចិត្តដល់នាយទាហាន ខ.ភ.ម ពីព្រះមហាក្សត្រប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ខ.ភ.ម, ថ្នាក់ដឹកនាំ, និងទ័ពជើងគោក ដល់នាយទាហានជាន់ខ្ពស់ ដែលកន្លងមកបានខិតខំ បំពេញការងារបម្រើជាតិ ការពារជាតិ សាសនា ព្រះមហាក្សត្រ ទឹកដី និងប្រជាជនក្នុងរយៈពេលកន្លង៕