(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តទាំងស្រុងហើយទៅលើសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមានៅក្នុងកិច្ចប្រជុំពេញអង្គ របស់ខ្លួននាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃដដែលនេះ បានគូសបញ្ជាក់ថា បន្ទាប់ពីប្រជុំពិនិត្យគ្រប់ជ្រុងជ្រោយ បានមើលឃើញថា ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រឹមត្រូវស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រូវបានដឹកនាំរៀបចំតាក់តែងនៅដើមឆ្នាំ២០១៦ ដោយក្រុមការងារផ្នែកច្បាប់របស់ក្រសួង និងបានឆ្លងកាត់កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសរបស់ក្រសួងចំនួន០៧លើក។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ជូនកិច្ចប្រជុំត្រីភាគីពិភាក្សាចំនួន០៣លើក ដើម្បីធានាការចូលរួមពិគ្រោះយោបល់ពីដៃគូពាក់ព័ន្ធ និងបានដាក់ឆ្លងឲ្យសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈចំនួន០៣លើក។
សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានដាក់ជូនកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាចំនួន០២លើក ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែក ក្រុមការងារផ្នែកច្បាប់របស់ក្រសួងបានពិភាក្សា និងទទួលបានការឯកភាពពីក្រសួងយុត្តិធម៌លើខ្លឹមសារ នៃជំពូកទី៥ ស្តីពីវិធានការរដ្ឋបាល និងទោសប្បញ្ញត្តិ។
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ ការបង្កើតឲ្យមានក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគ។
ច្បាប់នេះត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងគោលបំណង លើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករនិយោជិត និងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរប្រកបដោយភាពទាក់ទាញ។
ច្បាប់នេះក៏មានគោលដៅធានាការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ, បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមាតាមបែបវិទ្យាសាស្រ្ត ដោយផ្អែកលើលក្ខណៈវិនិច័្ឆយបែបសង្គម និងសេដ្ឋកិច្ច និងបង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីជាយន្តការត្រីភាគីសម្រាប់សិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ៕