(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា គណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងនាំយកថវិកាជួយឧបត្ថម្ភ ដល់សាលាបឋមសិក្សាចុងឃ្នៀសផងដែរ ដែលមានអ្នកចូលរួមសរុប៧៦០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប ចំពោះសមាជិក សមាជិកា នៃគណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក៏ដូចទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះសមាជិកសមាជិកាទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។
បើតាមលោក ឃឹម ប៊ុនសុង សមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់គណបក្សឲ្យមានភាពរីកចម្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងនោះ សមាជិករបស់គណបក្សដែលនៅតាមភូមិ ឃុំ សង្កាត់គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជា លោកមេឃុំ លោកមេភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ ខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។
លោកបានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ រីឯគណបក្សផ្សេងវិញមិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលបរិយាកាសសង្គមហើយ ព្រមទាំងឃោសនាមិនឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតនាថ្ងៃខាងមុខនេះទៀតផង។
លោកបានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៦នេះ រួមទាំងការទប់ស្កាត់សកម្មភាពបង្កចលាចលនៅមូលដ្ឋានផងដែរ។
លោក ឃឹម ប៊ុន សុង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិការទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋកន្លងមក និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងកៀងគរពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ជាបន្តទៀត។
ក្នុងពិធីនោះដែរ បានឆ្លើយតមនូវសំណូមពរ លោកនាយកសាលាបឋមសិក្សា ដោយដាក់ដីបំពេញទីធ្លាសាលា និងសាងសងអាគារសិក្សា ១ខ្នង់ ៤បន្ទប់ ព្រមទាំងបានឧបត្ថម្ភនូវថវិកា ចំនួន៨,៤១០ដុល្លា ដើម្បីទិញនូវសម្ភារបរិក្ខា និងគ្រឿងសង្ហារឹម ក្នុងបន្ទប់អគារសិក្សា ក្នុងសាលាបឋមសិក្សាចុងឃ្នៀស ជូនដល់សមាជិក សមាជិកា ទាំង៧៦០នាក់ ម្នាក់ៗសារុង១ ថវិកា២ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ២១នាក់ម្នាក់ៗ៥ម៉ឺនរៀល, សិស្សានុសិស្ស៥៥នាក់ ម្នាក់ៗ១ម៉ឺនរៀលផងដែរ៕