(ចិន)៖ ប្រទេសចិន បានទទួលកំណើនថេរ ចំពោះការវិនិយោគពីបរទេស ក្នុងរយៈពេល៥ខែ ដើមឆ្នាំនេះ ក៏ដោយសារតែមានគោលនយោបាយ និងវិធានការជាច្រើនត្រូវបានដាក់ចេញ ដែលសុទ្ធសឹងតែគាំទ្រ ដល់ការវិនិយោគពីបរទេស នៅក្នុងប្រទេសចិន។ នេះបើយោងតាមអ្នកជំនាញផ្នែកអាជីវកម្ម។

ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បង្ហាញថា មានក្រុមហ៊ុនដែលវិនិយោគ ពីបរទេសចំនួន២៤,០២៦ក្រុមហ៊ុន បានបើកអាជីវកម្មនៅប្រទេសចិន កើនឡើង៩៧.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនទាំងនេះ បានបោះទុនវិនិយោគជាង៥២ពាន់លានដុល្លារអាមេរិក កើនឡើង៣.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ទំហំនៃការវិនិយោគមកពីអង់គ្លេស បានកើនឡើង៥៦,៩ភាគរយ កូរ៉េខាងត្បូង កើនឡើង៦៦.៩ភាគរយ ឯអាមេរិកវិញកើនឡើង១៦.៣ភាគរយ។ លើសពីនេះ ទំហំនៃការវិនិយោគពីបរទេស សម្រាប់ឧស្សាហកម្មផលិតបែបទំនើប ក៏បានកើនឡើងយ៉ាងខ្លាំងចំនួន៦១.៩ភាគរយផងដែរ។

លោក ធូ ស៊ីនឈាន់ នាយកវិទ្យាស្ថានចិន សិក្សាអង្គការពាណិជ្ជកម្មពិភពលោក នៃសាកលវិទ្យាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ បានថ្លែងថា «រចនាសម្ព័ន្ធឧស្សាហកម្មរបស់យើង ដែលបឺតស្រូបការវិនិយោគពីបរទេស បានបង្កើនប្រសិទ្ធភាព ជាបន្តបន្ទាប់នាឆ្នាំនេះ។ ជាពិសេស ចំណែកនៃប្រាក់ទុនពីបរទេស ដែលប្រើក្នុងឧស្សាហកម្មទំនើបៗ ក៏បានបន្តកើនឡើងដែរ។ វាបង្ហាញថា បរិយាកាសច្នៃប្រឌិតរបស់យើង កំពុងកាន់តែល្អប្រសើរហើយ ដែលជាហេតុទាក់ទាញឱ្យ ក្រុមហ៊ុនបច្ចេកវិទ្យាទំនើបៗ ពីបរទេសកាន់តែច្រើន ចូលមកវិនិយោគនៅប្រទេសចិន»

ចិនបានបើកចំហរវិស័យហិរញ្ញវត្ថុរបស់ខ្លួន ក្នុងកម្រិតថេរនាឆ្នាំនេះ ដោយលើកទឹកចិត្តឱ្យអ្នកវិនិយោគបរទេស ច្របាច់បញ្ចូលគ្នា និងទិញក្រុមហ៊ុនឯទៀត។ ប្រទេសចិន ក៏បានដាក់ចេញវិធានការសំខាន់ៗចំនួន២៣ផងដែរ សម្រាប់ការផ្តល់សេរីភាព និងការសម្របសម្រួលដល់ការវិនិយោគ។ ត្រឹមដំណាច់ខែមិថុនានេះ គេរំពឹងថា ចិននឹងបញ្ចប់ការពិនិត្យឡើងវិញ នូវបញ្ជីហាមឃាត់របស់ខ្លួន សម្រាប់លទ្ធភាពចូលមកក្នុងទីផ្សារ របស់ការវិនិយោគពីបរទេស ក្នុងន័យផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយ សម្រាប់ឱ្យអ្នកវិនិយោគបរទេស ចូលមកក្នុងទីផ្សារប្រទេសចិន។

លោក តាំង វឹនហុង នាយករដ្ឋបាលវិនិយោគពីបរទេស នៃក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា «វិធានការទាំងនេះ បង្ហាញពីឆន្ទៈដ៏មុតមាំរបស់ចិន ក្នុងការផ្តើមគំនិត ដើម្បីបើកចំហរកាន់តែធំ ចំពោះពិភពលោក និងកសាងបរិយាកាសមួយ ដើម្បីឱ្យមានការប្រកួតប្រជែង ដោយស្មើភាពគ្នា។ កត្តានេះ នឹងពង្រីកបណ្តាញជាច្រើន ប្រកបដោយប្រសិទ្ធភាព ដើម្បីនាំមកនូវការវិនិយោគពីបរទេស ក៏ដូចជាទាក់ទាញឱ្យមានការវិនិយោគ ពីបរទេសដែលយូរអង្វែងកាន់តែច្រើន ចូលមកក្នុងទីផ្សារប្រទេសចិន»។

យោងតាមរបាយការណ៍ ស្តីពីការវិនិយោគក្នុងពិភពលោកឆ្នាំ២០១៨ ដែលចេញផ្សាយដោយសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ ការវិនិយោគពីបរទេសនៅក្នុងប្រទេសចិន នឹងបន្តកើនឡើងនាឆ្នាំ២០១៨នេះ។

លោក លោក ចាង ចៀនភីង នាយកមជ្ឈមណ្ឌលស្រាវជ្រាវ សហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់តំបន់ នៃក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា «វាបង្ហាញថា អ្នកវិនិយោគបរទេស កាន់តែមានសុទិដ្ឋិនិយមអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ចិននាពេលអនាគត ជាពិសេស គឺចំពោះទំហំនៃទីផ្សារវិស័យប្រើប្រាស់ ដែលមានសក្តានុពលដ៏ធំធេងរបស់ប្រទេសចិន។ ម្យ៉ាងទៀត នៅក្នុងដំណាក់កាលថ្មីនៃការធ្វើកំណែទម្រង់ និងការបើកចំហរ ចិនក៏បានបង្កើនលទ្ធភាពចូលមកក្នុងទីផ្សាររបស់ខ្លួន កាន់តែទូលំទូលាយ សម្រាប់អ្នកវិនិយោគបរទេសផងដែរ ដែលបង្កើតឱ្យមានវិស័យនិងឱកាសកាន់តែច្រើន សម្រាប់ឱ្យពួកគេវិនិយោគ»៕ (សារព័ត៌មាន CCTV របស់ចិន)