(ស្ទឹងត្រែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញមោទនភាពចំពោះស្ថានភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងខេត្តស្ទឹងត្រែង ជាពិសេសសមិទ្ធផលការងារដែលប្រសូតចេញពីកិច្ចសហការល្អ និងភាពទទួលខុសត្រូវខ្ពស់របស់មន្ត្រីទាំងអស់ នៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង នៅក្រោមការដឹកនាំរបស់អតីតប្រធានមន្ទីរពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី បានសម្តែងមោទនភាពដូច្នោះ នាឱកាសអញ្ជើញធ្វើជាគណៈអធិបតីភាពជាមួយលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ប្រធានមន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តស្ទឹងត្រែង ដែលរៀបចំឡើងនៅសាលារដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្ត តំណាងវិស័យឯកជន និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរអតីតប្រធានមន្ទីរពាណិជ្ជកម្ម ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីដឹកនាំមន្ទីរពាណិជ្ជកម្ម ឲ្យក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីវិស័យឯកជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តស្ទឹងត្រែង ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្រសកម្មភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ដូចជាចូលរួមតាមដានស្ថានភាពថ្លៃទំនិញ និងត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារ ចុះផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ព្រមទាំងសហការរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗជាដើម។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលសំខាន់ៗ និងទិសដៅការងារចំពោះមុខ ដែលក្រសួងពាណិជ្ជកម្មត្រូវបំពេញ ដើម្បីធានាការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ព្រមទាំងបានផ្តែផ្តាំដល់ប្រធានមន្ទីរពាណិជ្ជកម្មថ្មី ឲ្យខិតខំយកចិត្តទុកដាក់បំពេញការងារ និងបន្តពង្រឹងកិច្ចសហការល្អរវាងមន្ត្រីនៅក្នុង និងក្រៅអង្គភាព ក៏ដូចជាធ្វើការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាផ្សេងៗ ដោយគោរពច្បាប់ជាគោល ដើម្បីនាំមកនូវលទ្ធផលថ្មីៗបន្ថែមជូនដល់អង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាណិជ្ជកម្ម។
«ត្រូវគោរពតាមឋានានុក្រមការងារ ដូចមានចែងនៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ដោយមិនត្រូវប្រើឥទ្ធិពល និងអំណាចរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ខុសនឹងច្បាប់» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
សូមបញ្ជាក់ថា ស្ទឹងត្រែងគឺជាខេត្តមួយស្ថិតនៅចុងខាងជើងនៃប្រទេសកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ ដែលមានភាពអំណោយផលសម្រាប់វិស័យពាណិជ្ជកម្ម ដោយសារមានផលិតផល និងដំណាំសក្តានុពលជាច្រើនដូចជា៖ ត្រីទឹកសាបធំៗ (ប៉ាសេអ៊ី និងប៉ាវ៉ា) ម្នាស់ទឹកឃ្មុំ កាហ្វេ ណែមសាច់ត្រី ក្រឡាន កាពិផាវ ត្រីជូរ និងផ្អកត្រីប្រា ដើម្បីផ្គត់ផ្គត់ទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់។ លើសពីនេះ ខេត្តស្ទឹងត្រែងក៏មានតំបន់អេកូទេសចរណ៍ធម្មជាតិស្រស់ស្អាត ដូចជា ទឹកធ្លាក់ល្បាក់ខោន ទឹកធ្លាក់អូរចាប អាងត្រីផ្សោតអន្លង់ស្វាយធំ បូរីអូរស្វាយ អូរឬស្សីកណ្តាល កោះព្នៅ និងប្រាសាទព្រះធាតុជាដើម៕