(ភ្នំពេញ)៖ ក្រុមជនពិការដែលជាកីឡាករវាយកូនឃ្លីលើតុ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានតាំងចិត្តប្ដេជ្ញាយ៉ាងមុតមាំថា ពួកគាត់នឹងឆ្លៀតពេលយ៉ាងហោចណាស់ឱ្យបាន ១ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឆាប់ៗខាងមុខ ទោះបីមមាញឹកនឹងការហ្វឹងហាត់កីឡាយ៉ាងណាក៏ដោយ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ឯក ញៀនសមុទ្រ បានបញ្ជាក់ថា លោកបានត្រៀមខ្លួន និងអត្តសញ្ញាណបណ្ណរួចជាស្រេច ដើម្បីទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ បើតាមលោក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ការបោះឆ្នោតពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះដើម្បីរើសមេដឹកនាំដ៏ល្អម្នាក់ដែលអភិវឌ្ឍន៍ប្រទេសជាតិ។
កីឡាករវាយកូនឃ្លីលើតុម្នាក់ទៀត គឺលោក ភឿន សុភា បានបញ្ជាក់ថា លោកនឹងទៅបោះឆ្នោតឱ្យខាងតែបាន។ លោក សុភា បានអំពាវនាវបន្តទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា។
កំពុងតែហ្វឹកហាត់នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កីឡាករម្នាក់ទៀត គឺលោក ស៊្រី ជា បានបញ្ជាក់ថា ទោះជិះរទេះទៅ ក៏លោកនឹងទៅបោះឆ្នោតឱ្យទាល់តែបានដែរ។
សូមទស្សនាកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News ជាមួយក្រុមជនពិការដែលជាកីឡាករវាយកូនឃ្លីលើតុ៖