(បន្ទាយមានជ័យ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គ្រូបង្រៀន ជាពិសេសប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ស្របតាមមនសិការ វិជ្ជាជីវៈ និងត្រូវមានការសាម្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធ្វើឲ្យវិស័យអប់រំក្នុងខេត្ត កាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយត្រូវចូលរួមគាំទ្រកំណែទម្រង់វិស័យអប់រំ ឲ្យទទួលបានជោគជ័យ។
លោកបានជំរុញដល់លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្រៀនសិស្សានុសិស្ស ឲ្យអស់ពីសមត្ថភាព ដោយផ្ទេរចំណេះដឹងដែលមាន និងឥរិយាបទល្អៗ ជាគម្រូដល់យុវជនស្រករក្រោយ ឲ្យមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ មានសីលធម៌ និងចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា។
លោករដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាស ចូលកាន់មុខតំណែងរបស់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តថ្មី នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក ហង់ ជួនណារ៉ុន បានបន្តថា ក្នុងរយៈពេលជាង ៣០ឆ្នាំ កន្លងមកនេះ វិស័យអប់រំពិតជាមានការរីកចម្រើនទាំងបរិមាណ និងគុណភាពគួរឲ្យមោទនភាពយ៉ាងខ្លាំង កត្តានេះអាស្រ័យដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តី និងជាមគ្គុទេសដ៏ឆ្នើម បានបង្រួបបង្រួមជាតិ កសាងសន្តិភាពបញ្ជៀសសង្រ្គាមផ្តល់សិទ្ធិសេរីភាពពេញលេញជូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ កិត្យានុភាពជាតិរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ព្រមទាំងមានការចូលរួមពីសហគមន៍ជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ។
ជាមួយគ្នានេះ លោកបានថ្លែងថា សង្គមជាតិអាចរីកចម្រើន អភិវឌ្ឍន៍ទៅបានគឺត្រូវតែពឹងផ្អែកលើការងារអប់រំ ពិសេសការកសាងធនធានមនុស្សដែលត្រូវធានាពង្រីកឱកាសដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងគុណភាពប្រកបដោយមនសិការវិជ្ជាជីវៈ។ លោកបានបន្តថា មន្ត្រីអប់រំត្រូវមានគំនិតច្នៃប្រឌិត គោរពវិន័យ និងសេចក្តីថ្លៃថ្នូរ ដោយមានការទទួលខុសត្រូវខ្ពស់ សមដូចពាក្យស្លោកថា ការអប់រំល្អ ទើបមានធនធានមនុស្សល្អ មានធនធានមនុស្សល្អទើបអាចអភិវឌ្ឍប្រទេសជាតិបាន៕