(ប៉ៃលិន)៖ តំណាងរាស្រ្តមណ្ឌលប៉ៃលិន លោកស្រី បាន ស្រីមុំ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រីកជីវភាពរស់នៅកាន់តែប្រសើរឡើងបន្ថែមទៀត។
លោកស្រី បាន ស្រីមុំ បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបចំនួន ២.០៦៤នាក់ នៅថ្ងៃអង្គារ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
អ្នកតំណាងរាស្រ្តបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិនរូបនេះ បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន ពិសេសពង្រីកជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងគ្រប់ក្រុមគ្រួសារ»។
បើតាមលោកស្រី មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានស្នាដៃរំដោះប្រជាជន និងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនតាំងពីបាតដៃទទេ រហូតមានអ្វីៗ សព្វយ៉ាងដូចបច្ចុប្បន្ននេះ។
លោកស្រីបានបន្តទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា ឲ្យរស់នៅដោយភាពសុខសាន្ត និងទទួលបានផលពីការអភិវឌ្ឍប្រទេសដោយស្មើៗគ្នា តាមរយៈការអនុវត្តគោលនយោបាយរបស់គណបក្ស និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាលផងដែរ៕