(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដស្វែងយល់ឲ្យបានច្បាស់ អំពីបញ្ហាគ្រឿងញៀន និងត្រូវចាត់ទុកថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដោយត្រូវយល់ថា ក្នុងពេលដែលក្រុមគ្រួសារអ្នកដទៃ កំពុងប្រឈមជាមួយនឹងបញ្ហានេះ ក្រុមគ្រួសាររបស់យើងក៏អាចបាន និងកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះដែរ។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានស្នើឲ្យប្រជាពលរដ្ឋ បន្ដចូលរួមគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងគាំទ្រ និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ អាចចាត់វិធានការអន្ដរាគមន៍នានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់អ្នកពាក់ព័ន្ធបន្ដពង្រឹងការទទួលខុសត្រូវថែមទៀត ក្នុងការអប់រំ និងថែទាំកូនចៅឲ្យបានល្អ ដើម្បីបង្ការពួកគេឲ្យជៀសផុតពីបញ្ហាគ្រឿងញៀន។ ក្នុងករណីសង្ស័យ ឬបានដឹងថា កូនចៅរបស់ខ្លួនមានការពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន ត្រូវណែនាំឲ្យបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្នែកសុខភាព និងការផ្ដទ្ទាទោសតាមផ្លូវច្បាប់។ ដោយឡែក ចំពោះកូនចៅដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ត្រូវណែនាំឲ្យបញ្ឈប់ការប្រើប្រាស់ និងលើកទឹកចិត្តឲ្យទៅព្យាបាល ដោយមិនត្រូវលើកហេតុផលផ្សេងៗ ដើម្បីធ្វើជាលេសក្នុងការលាក់ទុក ឬរក្សាទុក មិនបញ្ជូនទៅព្យាបាល ដែលជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងសហគមន៍នោះឡើយ៕