(ត្បូងឃ្មុំ)៖ បុណ្យរុក្ខទិវា៩កក្កដាឆ្នាំនេះ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រារព្ធធ្វើឡើងជាខួបលើកទី៤ ដោយបានជ្រើសរើសយកបរិវេណសួនច្បារ មុខផ្ទះស្នាក់នៅរបស់មន្ត្រីរាជការ ដែលស្ថិតនៅក្នុងរដ្ឋបាលរួមខេត្តត្បូងឃ្មុំ ដាំកូនឈើមានតម្លៃចម្រុះជាច្រើនមុខ ព្រមទាំងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋានផងដែរ។
ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីបុណ្យរុក្ខទិវារ ឆ្នាំ២០១៨នេះ គឺជាខួបលើកទី២៨ សម្រាប់ថ្នាក់ជាតិ ដោយឡែកខេត្តត្បូងឃ្មុំ ជាខួបលើកទី៤ ដោយអាជ្ញាធរខេត្តរួមជាមួយពលរដ្ឋ ធ្វើការដាំកូនឈើមានតម្លៃជាច្រើនប្រភេទ មានដូចជា៖ ក្រញ៉ូង បេង នាងនួន រំដួល ចំប៉ី ធ្នង់ និងគីនីន នៅបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ព្រមទាំងចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមលំនៅដ្ឋានផងដែរ ក្នុងគោលបំណង សំដៅប្រែក្លាយតំបន់នេះ ឲ្យពោរពេញទៅដោយព្រៃឈើសំបូរបែប ដែលអាចបង្កើតជាគំរបពណ៍បៃតងខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើងនូវ សោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រង។
លោក គីម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏បានគូសបញ្ជាក់ថា សហគមន៍ព្រៃឈើក្នុងខេត្ត មាន០៦កន្លែង មានផ្ទៃដី១,៨២៤ហិកតា និងមានថ្នាលបណ្តុះបណ្តាលកូនឈើ ចំនួន០៣កន្លែង ដោយបានបណ្តុះកូនឈើចម្រុះប្រភេទ សរុប៥៩៥០ដើមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក លី ឡេង អភិបាលខេត្ត បានឲ្យដឹងថា រុក្ខទិវា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចំបងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ អភិរក្សវិស័យព្រៃឈើ នៅកម្ពុជា ដែលសម្បត្តិដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន។ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ និងផ្តល់នូវភាពបៃតង បរិយាកាសស្រស់បំព្រង ដែលជាមរតកដ៍មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
លោកអភិបាលខេត្ត បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា៕