(កណ្ដាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានឧបត្ថម្ភថវិកាប្រមាណ១លានដុល្លារ សម្រាប់កសាងសមិទ្ធផល នៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ដែលចំនួននេះច្រើនជាងការដង្ហែកឋិនចំនួន៥ដងឯណោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះយើងមានព្រះវិហារដើម្បីឲ្យព្រះសង្ឃអាចធ្វើពិធីតាមប្រពៃណីសាសនារបស់យើងទៅបាន បន្ថែមទៅដោយឆ្នាំក្រោយអាចនឹងមានការហែរកឋិនចូលមកទីនេះផងដែរ។ ពិតមែនហើយអ្វីដែលខ្ញុំបានចំណាយនៅទីនេះ អស់ជាង១លានដុល្លារ វាច្រើនជាងកឋិន៥ដងឯណោះ»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានស្ញប់ស្ញែង និងស្ងើចសរសើរ ចំពោះសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី សម្តេចព្រះសង្ឃគណៈធម្មយុត្តិ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ទិញដីសាងសង់ជាវត្តព្រះឥន្ទសាមគ្គីធម៌។
បើតាមសម្ដេចប្រមុខនៃរាជរដ្ឋាភិបាល វត្តព្រះឥន្ទសាមគ្គីធម៌ ក្រៅពីបម្រើដល់វិស័យពុទ្ធចក្រហើយនោះ ក៏បានបម្រើដល់វិស័យអាណាចក្រច្រើនផងដែរ លើការបណ្ដុះបណ្ដាល ពោលពេលដែលសម្ដេចអញ្ជើញចុះមកវត្តព្រះឥន្ទសាមគ្គីធម៌កាលពីពេលកន្លងទៅ ស្រាប់តែឃើញមានក្មេងកំពុងសិក្សារៀនសូត្រ នៅក្នុងវត្តនេះ ខណៈដែលព្រះសង្ឃរកសឹងមិនចង់បានផងនោះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា សម្រាប់គ្រូៗដែលមកបង្រៀននៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ គឺបានថវិកាមកពីព្រះចៅអធិការវត្តតែម្ដង មិនមែនក្របខ័ណ្ឌរដ្ឋនោះទេ។
យ៉ាងណាមិញ ដោយឃើញពីភាពអត់ធ្មត់ និងតស៊ូយ៉ាងដូច្នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជូនគ្រូដែលបង្រៀននៅទីនេះ ចំនួន៣៣នាក់ ចូលក្នុងក្របខ័ណ្ឌរដ្ឋតែម្ដង ដើម្បីកាត់បន្ថយការចំណាយរបស់ព្រះចៅអធិការផ្ទាល់៕