(ភ្នំពេញ)៖ ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានបញ្ជាក់ថា ស្ថានភាព និង​និន្នាការ​នៃ​ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​តំបន់ និង​នៅលើ​សកលលោក មិន​មាន​ការថយចុះ​នោះទេ ហើយនៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កាន់តែមានលក្ខណៈរាលដាល កាន់តែស្មុគស្មាញឡើង និងបានប្រែក្លាយជាបញ្ហាប្រឈមមួយ គួរឱ្យព្រួយបារម្ភ។

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបែបនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» និងមានការអញ្ជើញចូលរួមពីសំណាក់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក អង្គ វង្សវឌ្ឍនា រដ្ឋម​ន្ត្រីក្រសួងយុត្តិធម៌, លោក សៀង សុខ ព្រះរាជអាជ្ញារងអមរាជធានីភ្នំពេញ, តំណាងឯកអគ្គរាជទូត អគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំកម្ពុជា តំណាងសាលារាជធានីភ្នំពេញ មន្ត្រីរាជការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប៣,៨០៩នាក់ នៅសាលមហោស្រពកោះពេជ្រ។

ប្រធានអាជ្ញាធរគ្រឿងញៀនរូបនេះ បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ស្ថានភាព និង​និន្នាការ​នៃ​ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​តំបន់ និង​នៅលើ​សកលលោក មិន​មា​នការថយចុះ​នោះទេ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កាន់​តែមាន​លក្ខណៈ​រាលដាល និង​ស្មុគស្មាញ​ឡើងៗ ហើយ​បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​»។

ទទ្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រុម​ឧក្រិដ្ឋជន​លួចលាក់​ចរាចរ​ឆ្លងកាត់​ចូលមក​ប្រទេស​កម្ពុជា នូវ​គ្រឿងញៀន​ខុសច្បាប់ ពី​តំបន់​ផ្សេងៗ នៃ​ពិភពលោកមាន​ដូចជា៖ តំបន់​អាមេរិក​ខាងត្បូង តំបន់​អាហ្វ្រិក តំបន់​អឌ្ឍ​ច័ន្ទ​មាស តំបន់ត្រីកោណមាស​ជាដើម ហើយនៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​ គណៈកម្មការ​បំផ្លាញ​គ្រឿងញៀន បានធ្វើការ​ដុតបំផ្លាញ​គ្រឿងញៀន​ជាង៦៤​គីឡូក្រាម ដែល​គ្រឿងញៀន​ទាំងនេះ រឹបអូស​បាន​ពី​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​នាពេល​កន្លងមកនេះ​។ គ្រឿងញៀន​ដែល​ដុតបំផ្លាញ​ មានតម្លៃ​ប្រមាណ​២​លាន​ដុល្លា​រ​។​

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨ កន្លងមកនេះ បាន​បង្ក្រាប​បទ​ល​ល្មើស​ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ចំនួន​ចំនួន​២៨៧០​ករណី​ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥៧០២​នាក់ នឹង​រឹបអូស​គ្រឿង​គ្រប់​ប្រភេទបាន​ចំនួន៩៣​គីឡូក្រាម និង១៩៨​ក្រាម​, រកឃើញ​អ្នកប្រើប្រាស់​គ្រឿងញៀន៩៣៦៤​នាក់ បានផ្តល់​ការព្យាបាល និង​ស្តារនីតិសម្បទា​ ដល់​អ្នក​ញៀន​គ្រឿងញៀន ​ចំនួន៧០៥៦​នាក់ គឺ​ស្មើនឹង៧៥,៣៥% នៃ​អ្នកប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន​។​

ជាក់ស្តែង​ ការ​លួចលាក់​ចរាចរ​ឆ្លងកាត់​នូវសារធាតុញៀន ចូលមក​កម្ពុជាដោយខុសច្បាប់ និង​សារធាតុ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ប្រភេទ​ថ្មី ពី​តំបន់​ផ្សេងៗ​ នៃ​ពិភពលោករួមមាន​ដូចជា៖ តំបន់​អា​មេរិ​ក​ខាងត្បូង តំបន់​អាហ្វ្រិក តំបន់​អឌ្ឍ​ច័ន្ទ​មាស តំបន់ត្រីកោណមាស នៅតែ​បន្ត​កើតមាន និង​បង្ក​ផលប៉ះពាល់​យ៉ាងច្រើន​ទៅលើ​សុខមាលភាព និង​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវតែ​ចាត់វិធានការ​បន្ត​ដ៏​ម៉ឹងម៉ាត់​បំផុត ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ឱ្យ​ខាងតែបាន​៕