(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី «ការធ្វើពាណិជ្ជកម្ម កសិ-ម្ហូប អាហារ» ជាមួយនិងការចូលរួមទស្សនា ពិពណ៌ម្ហូបអាហារអន្តរជាតិ ក្រោមក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយជាលើកដំបូង នៅឯទីក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៨។
វេទិកាកិច្ចប្រជុំជាន់ខ្ពស់នេះ នឹងមានការអញ្ជើញចូលរួម ពីថ្នាក់រដ្ឋមន្រ្តីដែលតំណាងមកពី៦ប្រទេស នៅលើពិភពលោក ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហា រួមនូវប្រធានបទចំនួន៣គឺ រួមមាន៖
១៖ បញ្ហាប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្ម កសិ-ចំណីអាហារ ក្រោមក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយ
២៖ បរិយាកាសវិនិយោគ សម្រាប់ឧស្សាហកម្មចំណីអាហារ និងកសិកម្ម និងទស្សនវិស័យទីផ្សារ នៃបណ្តាប្រទេសក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយ
៣៖ តើអ្វីខ្លះ ដែលអាចពាក់ព័ន្ធ នឹងគោលនយោបាយជាតិស្តីពីឧស្សាហកម្មកសិ-ចំណីអាហារ និងបណ្តាប្រទេសក្របខណ្ឌវិថីមួយនិងខ្សែក្រវ៉ាត់មួយ។
សូមបញ្ជាក់ថា គោលបំណងសំខាន់ នៃវេទិកាកិច្ចប្រជុំជាន់ខ្ពស់នេះ គឺ១៖ ដើម្បីជំរុញឱកាសវិនិយោគជាតិ និងគម្រោងឧស្សាហកម្ម ចំណីអាហារ និងកសិកម្ម, ២៖ ដើម្បីអភិវឌ្ឍន៍បណ្តាញ និងកិច្ចសហការអន្តរជាតិ, ៣៖ ប្រឈមឧបសគ្គ ជាមួយគ្នា និងរួមគ្នាបង្កើនកម្រិត នៃកិច្ចសហការ និង៤៖ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈនៃការចូលរួមចំណែកធ្វើ ឲ្យប្រសើរឡើងនូវក្របខណ្ឌវិថីមួយ និងខ្សែក្រវ៉ាត់មួយ ឲ្យមានភាពរុងរឿង៕