(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង។
ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រីប្រតិភូក្រសួងពាណិជ្ជកម្ម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរពាណិជ្ជកម្មទាំង២៥រាជធានីខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរដ្ឋបាលខេត្ត សរុបចំនួនជាង២០០នាក់។
លោក អ៊ូន សុខា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ជំនួសលោក លន់ សាយលីន អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ដែលដល់អាយុចូលនិវត្តន៍ តាមប្រកាសលេខ ១៤៣ ព.ណ.បល.ប្រក ចុះថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម៕