(ស្វាយរៀង)៖ បុរសជនជាតិជប៉ុនម្នាក់ជានាយករងរោ​ងចក្រ TAKISADA ព្រៃផ្តៅ ក្រុងបាវិត បានខ្យល់គរស្លាប់ នៅក្នុងសណ្ឋាគារ និងកាស៊ីណូ «ហ្គូឌេនហ្គាឡាក់ស៊ី» ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ។

មន្ត្រីនគរបាលក្រុងបាវិត បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីបុគ្គលិកកាស៊ីណូហ្គូឌេនហ្គាឡាក់ស៊ី រាយការណ៍មកថានៅជាន់ទី០៩ បន្ទប់លេខ៩២៣ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានជនបរទេសម្នាក់បានស្លាប់ សមត្ថកិច្ចផែនអន្តោប្រវេសន៍ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ការិ-បច្ចេកទេសនិងវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកជីភូ ក្រោមការសម្របសម្រួលពី លោក ផាន់ រតនា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តស្វាយរៀង នៅម៉ោង១១៖៣០នាទីព្រឹកថ្ងៃនេះ បានចុះទៅត្រួតពិនិត្យសាកសពដល់ទីកន្លែងកើតហេតុតែម្តង។

មន្ត្រីនគរបាលដដែល បានបន្តថា ជនរងគ្រោះមានឈ្មោះ OZEKI HIROYUKI អាយុ៦៩ឆ្នាំ (ជនជាតិជប៉ុន) បានមកជួលបន្ទប់ខាងលើដើម្បីស្នាក់នៅ។ ក្រោយពេ​លសមត្ថកិច្ច និងគ្រូពេទ្យពិនិត្យសាកសពរួចបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ នៅវេលាម៉ោងប្រហែល៤ទាបភ្លឺ ដោយសារជំងឺ(ខ្យល់គរ)។

បច្ចុប្បន្ន ដោយមានការឯកភាពពីលោក ផាន រតនា សពត្រូវបានក្រុមហ៊ុនជួលរថយន្ដដឹកយកទៅរក្សាទុក នៅភ្នំពេញរង់ចាំក្រុមគ្រួសារមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសជប៉ុន៕