News Update: ស្ដ្រីដែលបាញ់ខ្លួនឯងប៉ងផ្ដាច់ជីវិតនៅខណ្ឌ៧មករា ជាភរិយាមន្ដ្រីយោធាជាន់ខ្ពស់ម្នាក់, ស្ដ្រីរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានកូនទាហានយាមកាម (Video inside)
26-06-2018 11:50
(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលយកកាំភ្លើងបាញ់ខ្លួនឯងប៉ងបញ្ចប់ជីវិត នៅខណ្ឌ៧មករា កាលពីល្ងាចម្សិលមិញ ក្នុងផ្ទះវីឡាជួលដ៏ធំមួយ ក្នុងសង្កាត់វាលវង់ ត្រូវបានសមត្ថកិច្ចអះអាងថា ជាភរិយាមន្ដ្រីយោធាជាន់ខ្ពស់ម្នាក់ អាចពាក់ដល់ផ្កាយទៀតផង ប៉ុន្ដែសមត្ថកិច្ចបាន និងកំពុងបន្ដស្រាវជ្រាវបន្ថែមទៀត ទៅលើអត្ដសញ្ញាណពិតប្រាកដ និងមូលហេតុ នៃអំពើអត្ដឃាតមិនបានសម្រេចមួយនេះ។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News អំពីការលំបាក នៃការស្រាវជ្រាវទៅលើរឿងអត្ដឃាត ដោយសារតែសាច់ញាតិ និងក្រុមគ្រួសារស្ដ្រីរងគ្រោះ មិនផ្ដល់កិច្ចសហការ ផ្ដល់ព័ត៌មានជូនសមត្ថកិច្ច ដែលចុះទៅសួរនាំនោះឡើយ ពោលថែមទាំងបង្វែដាន និងបញ្ជូនស្ដ្រីរងគ្រោះម្ដងទៅនេះម្ដងទៅនោះ ទំនងខ្លាចបែករឿង និងដឹងពីអត្ដសញ្ញាណរបស់ខ្លួន។
មន្ដ្រីនគរបាលរូបនេះ ក៏បញ្ជាក់បន្ថែមថា គិតត្រឹមវេលាម៉ោងជិត១២រសៀលថ្ងៃត្រង់នេះ ស្ដ្រីរងគ្រោះបាន និងកំពុងបន្ដជួយសង្គ្រោះពីក្រុមគ្រូពេទ្យកាល់ម៉ែត ប៉ុន្ដែបានឆ្លងផុតមាត់មជរាជ ដោយរបួសធ្ងន់តែប៉ុណ្ណោះ។ តាមសេចក្ដីរាយការណ៍ពីមន្ទីរពេទ្យកាល់ម៉ែត ស្ដ្រីរងគ្រោះមានអាយុជាង២០ឆ្នាំ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងជាង៥ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានករណីស្ត្រីម្នាក់ បានបាញ់ប៉ុនប៉ងស្លាប់ខ្លួនឯង តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ នៅក្នុងផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២៣៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕