(ភ្នំពេញ)៖ សាលាអន្ដរជាតិ (Learning Jungle) លើននីង ចាំងហ្គល ដែលជាសាលាទទួលបានសិទ្ធិហ្វ្រេនឆាយ ពីប្រទេស កាណាដា ដំបូងគេបង្អស់តែមួយគត់នៅកម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្សានុសិស្ស ដែលបានបញ្ចប់កម្រិតមត្ដេយ្យសិក្សា និងការសម្ដែងសិល្បៈតន្ដ្រី របស់ក្រុមសិស្សានុសិស្ស ដើម្បីប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

កម្មវិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាព របស់លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងលោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្ដរជាតិ លើននឹង ចាំងហ្គល។

ក្នុងឱកាសនោះ លោកស្រីគឹម សេដ្ឋានី បានថ្លែងថា ការអប់រំបុត្រធីតាលោកអ្នក ឲ្យទទួលបានអនាគតល្អ ចំាបាច់ណាស់គឺចាប់ផ្ដើមតាំងពីកុមារមក ឲ្យគាត់យល់ពីផ្នត់គំនិត នៅក្នុងការគិតគូរដល់អ្នកដទៃ, បរិបទនៃសង្គម ប្រទេសជាតិ និងពិភពលោកទាំងមូល រួមទាំងចំណេះដឹងមូលដ្ឋាន ពិសេស អាណាព្យាបាលសិស្សនិស្សិត បានដើរតួនាទីដ៏សំខាន់​ដូចជានៅសាលារៀនដែល ដើម្បីជួយគាំទ្រ និងស្វែងស្វែងរកឲ្យឃើញនូវទេព្យកោសល្យ របស់បុត្រធីតាលោកអ្នក ហើយបង្កើតគាត់ឲ្យមានក្ដីស្រមៃ និងជួយកសាងបរិយាកាសឲ្យគាត់ អាចឈានទៅរកក្ដីស្រមៃ ឬសុបិន្ដរបស់គាត់នោះ ឲ្យទទួលបានជោគជ័យ។ ជាក់ស្ដែង ដូចសាលាអន្ដរជាតិ Learning Jungle ដែលមានទាំងគុណភាពស្ដង់ដារអន្ដរជាតិ គ្រប់មុខវិជ្ជាហើយ ថែមទាំងឲ្យសិស្សសាលាចូលរួមការងារសង្គមផងដែរ កាលពីកន្លងទៅ គឺការប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសកម្មភាពសង្គមផ្សេងៗទៀត។

សាលាលើននីង ចាំងហ្គល បច្ចុប្បន្ន មានសាខាចំនួ​ន ៥ប្រទេស នៅទូទាំងពិភពលោក ដែលរួមមានប្រទេស កាណាដា សហរដ្ឋអាមេរិក ហ្វីលីពីន កម្ពុជា និងសិង្ហបុរី។ លើននីង ចាំងហ្គល កម្ពុជា ទទួលបានសិទ្ធិហ្វេ្រនឆាយ ពីសាលាលើននីង ចាំងហ្គលកាណាដា ក្នុងឆ្នាំ២០១៤ ហើយសាលាបានពង្រីកកម្មវិធីសិក្សារបស់ខ្លួន ពីកម្រិតថ្នាក់មតេ្ដយ្យ រហូតដល់កម្រិតបឋមសិក្សានាពេលបច្ចុប្បន្ននេះ ដែលបង្រៀនស្របតាមកម្មវិធីសិក្សារបស់ខេត្ដអនតារីយ៉ូ នៃប្រទេសកាណាដា និងបង្រៀនដោយ គ្រូជនជាតិដើមដែលមានសញ្ញាបត្រគរុកោសល្យ និងបទពិសោធន៍ជាច្រើនឆ្នាំ ។

លោក លី វីរៈ បានថ្លែងផងដែរថា «ថ្ងៃនេះ យើងទាំងអស់គ្នា ប្រារព្ធពិធីអបអរសាទរដល់ សមិទ្ធផលដ៏ធំធេង របស់សិស្សានុសិស្សានុសិស្សទាំងអស់ដែល បានខិតខំប្រឹងប្រែងពេញមួយឆ្នាំ និងបានបញ្ចប់ការសិក្សាកម្រិតថ្នាក់មត្ដេយ្យនៅសាលាអន្ដរជាតិ លើននីង ចាំងហ្គល ដោយជោគជ័យ ។នេះគឺជាភាពជោគជ័យមួយដ៏អស្ចារ្យ ព្រោះសិស្សានុសិស្ស ទាំងអស់បានចាប់ផ្ដើមចូលរៀន តាំងពីពួកគាត់នៅពុំទាន់ចេះ និយាយបានច្បាស់ ហើយមិនដែលធ្លាប់ និងមិនអាចនៅបែកពីម៉ាក់ប៉ារបស់គាត់បាន ។ ប៉ុន្ដែថ្ងៃនេះពួកគាត់ មានការរីកចម្រើនយ៉ាងខ្លាំង ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី គឺពួកគាត់ មានភាពឯករាជ្យ និងក្លាហាន ច្រើនជាងមុន និងអាចនិយាយ ភាសាអង់គ្លេសបានយ៉ាងល្អ»

លទ្ធផលជោគជ័យ ដ៏ធំធេង ដូចថ្ងៃនេះសម្រេចបានគឺដោយសារតែមានការគាំទ្រ និងការសហការដ៏ល្អ ពីអាណាព្យាបាលគ្រប់រូប និងការប្ដេជ្ញាចិត្ដធ្វើការដ៏មោះមុត របស់បុគ្គលិកនៅសាលាអន្ដរជាតិ លើននីង ចាំងហ្គលទាំងអស់ ដែលតែងតែព្យាយាមអស់ពីសមត្ថភាព ទាំងកម្លាំងកាយចិត្ដដើម្បីផ្ដល់ការអប់រំដ៏ល្អ មួយដែលស្របតាមបទដ្ឋានគុណភាពខ្ពស់ និងមើលថែទាំសិស្សានុសិស្ស គ្រប់រូបឲ្យមានសុវត្ថិភាព សុខមាលភាព និងភាពសប្បាយរីករាយ គ្រប់ពេលវេលា។ នេះអាចបញ្ជាក់យ៉ាងច្បាស់បានថា ការជ្រើសរើស យកសាលាអន្ដរជាតិលើននីង ចាំងហ្គល សម្រាប់បុត្រធីតា លោកអ្នកគឺជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត។

សាលាអន្ដរជាតិលើននីង ចាំងហ្គល ផ្ដល់ជូនការអប់រំស្ដង់ដារអន្ដរជាតិ ដែលមានរួមបញ្ជូលទាំងការសិក្សាស្រាវជ្រាវ និងការអនុវត្ដន៍ជាក់ស្ដែង ការពិសោធន៍ វិទ្យាសាស្ដ្រអប់រំ និងការអប់រំបែបបច្ចេកវិទ្យាផងដែរ។

ដើម្បីថែរក្សាអត្ដសញ្ញាណជាតិខ្មែរ សាលាក៏បានដាក់បញ្ជូលកម្មវិធីសិក្សាភាសាខ្មែរ ដែលបង្រៀនដោយគ្រូភាសាខ្មែរ ដែលមានគរុកោសល្យ និងបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ ហើយកម្មវិធីសិក្សាភាសាខ្មែរនេះ ក៏មានការទទួលស្គាល់ពីក្រសួង អប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជាផងដែរ។ ដូច្នេះវិញ្ញាណបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយ សាលាអន្ដរជាតិ លើននីង ចាំងហ្គល គឺមានតម្លៃស្មើនិងអាចប្រើប្រាស់បានជាផ្លូវការ ដូចសញ្ញាបត្រថ្នាក់ជាតិ ដែលចេញដោយសាលារដ្ឋផងដែរ។

បន្ថែមពីលើកម្មវិធីសិក្សាជាភាសាអង់គ្លេស និងភាសាខ្មែរ សាលាអន្ដរជាតិលើននីង ចាំងហ្គល ក៏មានការផ្ដល់ជូនកម្មវិធីសិក្សាបន្ថែមជាច្រើនទៀត ដូចជា មុខវិជ្ជាហែលទឹក តន្ដ្រី អប់រំកាយ សកម្មភាពកីឡាផ្សេងៗនិងភាសាចិន ដល់សិស្សានុសិស្ស ជារៀងរាល់សប្ដាហ៍ផងដែរ ដោយមិនតម្រូវឲ្យគាត់បង់ថ្លៃសិក្សាបន្ថែមទៀតនោះទេ។ គ្រូទាំងអស់ ដែលបង្រៀនមុខវិជ្ជានីមួយៗ គឺជាគ្រូដែលមានចំនេះដឹង ជំនាញ និងបទពិសោធន៍ខ្ពស់។ដូចជាពេលថ្មីៗនេះ សាលាអន្ដរជាតិ នេះ ទទួលបានជោគជ័យជាបន្ដបន្ទាប់ ពីការប្រកួតកីឡាបាល់ទាត់ ជាមួយនឹងសាលាអន្ដរជាតិដទៃ។ មុខវិជ្ជាភាសាចិន ត្រូវបានដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់ទី៤ ឡើងទៅ ដើម្បីធានាបានថា សិស្សានុសិស្សទាំងអស់នៅសាលាអន្ដរជាតិ លើននីង ចាំងហ្គល មានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងបានទាំងនៅក្នុងស្រុក និងនៅលើឆាកអន្ដរជាតិនាពេលអនាគត។

ដើម្បីចូលរួមចំណែកដលសុខុមាលភាពសង្គម និងដើម្បីបណ្ដុះទឹកចិត្ដសប្បុរសធម៌​ និងវប្បធម៌ នៃការចែករំលែកដល់សិស្សានុសិស្សតាំងពីវ័យក្មេងនោះ សាលាអន្ដរជាតិ លើននីង ចាំងហ្គល បានផ្ដួចផ្ដើមកម្មវិធីប្រមូលថវិកា ចំនួនជាង២០,០០០ដុល្លារ រួមទាំងកម្មវិធីថ្ងៃនេះ យកទៅផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបថា សាលាអន្ដរជាតិ Learning Jungle ឆ្នាំនេះ សិស្សានុសិស្ស បានខិតខំអស់ពីកម្លាំងកាយចិត្ដ ដើម្បីបង្ហាញពីទេពកោសល្យ របស់ពួកគាត់ តាមរយៈការសម្ដែងផ្សេងៗគ្នានៅលើឆាក ដើម្បីប្រមូលថវិកាយក ទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយដល់កុមារក្រីក្រកម្ពុជាជាច្រើនរយនាក់ ដែលកំពុងទន្ទឹមរងចំាការព្យាបាល និងសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ ហើយថវិកាដែលប្រមូលបានពីការលក់សំបុត្រចូលរួមទស្សនាការសម្ដែងរបស់សិស្សានុសិស្ស នឹងត្រូវបានបរិច្ចាកជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ផងដែរ៕