(ភ្នំពេញ)៖ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នឹងត្រូវសាសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅលើផ្ទៃដីប្រមាណ៣ហិកតាកន្លះ នៅតំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់ ឲ្យមកជាទឹកស្អាតមុននឹងបង្ហូរចូលទៅក្នុងទន្លេ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន។

គម្រោងដែលនឹងធ្វើឲ្យប្រសើរឡើងលើផ្នែកបរិស្ថាននេះ បានបង្ហាញឲ្យដឹងក្នុងកិច្ចពិភាក្សាការងាររវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការ JICA តំណាងឲ្យរដ្ឋាភិបាលជប៉ុន កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងក្រោយកិច្ចប្រជុំពិភាក្សានេះថា ក្នុងកិច្ចប្រជុំនោះលោក បេអ៊ី អ៊ីតូ តំណាងប្រតិភូអង្គការ JICA ថ្លែងថា ការងារដែលខាងភាគី ជប៉ុនត្រូវធ្វើ គឺមានគម្រោងមួយចំនួន ដែលនឹងត្រូវអនុវត្តសំរាប់ផែន នៃការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺធ្វើការបណ្តុះបណ្តាល ពីបច្ចេកទេសដល់មន្រ្តីរាជការដែលទាក់ទងជាមួយ នឹងការគ្រប់គ្រងទឹកកខ្វក់ ដើម្បីបង្កើនសមត្ថភាពលើផ្នែកនេះ។

លោក បេអ៊ី អ៊ីតូ បានបន្តថា ខាងអង្គការ JICA និងជួយតាក់តែងច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗ ក្នុងការគ្រប់គ្រងទឹកកខ្វក់នេះ។ លោក អ៊ីតូ លើកឡើងទៀតថា ចំពោះគម្រោងទៅ២គឺ វាជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវការដីទំហំ៣ម៉ឺន៥ពាន់ម៉ែត្រការ៉េ ដែលអាចមានសមត្ថភាពក្នុងការចម្រោះទឹកកខ្វក់ ទៅជាទឹកស្អាត ដោយ១ថ្ងៃ បំលែងបានប្រមាណ៥ពាន់ម៉ែត្រគូប។

លោកបន្ថែមចំពោះបញ្ហានេះ អង្គការ JICA នឹងបញ្ជូនអ្នកជំនាញមកធ្វើការសិក្សាលម្អិតនៃគម្រោងអាងប្រព្រឹត្តិកម្មនេះ ដោយនឹងប្រើប្រាស់ពេលវេលា នៃការសិក្សាចំនួន៤ឆ្នាំ។

ចំពោះការសាងសង់អាងប្រព្រឹតិ្តកម្មទឹកកខ្វក់នេះ លោក ឃួង ស្រេង ថ្លែងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពលើការគ្រប់គ្រងទឹកកខ្វក់ នៅរាជធានីភ្នំពេញឲ្យមានភាពប្រសើរឡើង។ លោកបញ្ជាក់ថា គម្រោងនេះ ខាងភាគីជប៉ុន គេនឹងចំណាយពេល៤ឆ្នាំដើម្បីឲ្យគម្រោងនេះចាប់ជាស្ថារព៕