(កំពង់ធំ)៖ លោកអនុ​សេ​នីយ៍ឯក ប៊ន វណ្ណនី មេបញ្ជាការផ្នែកសឹករងសន្ទុក និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសន្ទុក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៨​ បានដឹកនាំកងកម្លាំងសមាគមអតីតយុទ្ធជនស្រុកសន្ទុក នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ​សាងសង់​ផ្ទះ​ថ្មី​ ដែល​ជា​ខ្នង​ផ្ទះ​ទី​៨១​ ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ជូនក្រុមគ្រួសារយុទ្ធជនពលី​នៅភូមិធន់មោង ឃុំ​កំពង់​ថ្ម​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​។

លោក​យាយ​ ហួត គឿន ជាម្ដាយអតីតយុទ្ធជនពលីឈ្មោះ រាំង កយ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៥ ឋានន្តរស័ក្តិថ្នាក់ព្រិន្ទបាលឯក នៅអង្គភាពសាលាហ្វឹកហ្វឺន យោធាខេត្តកំពង់ធំ បានផ្លាស់ទៅយោធាស្រុកស្ទោង នៅឆ្នាំ១៩៨៨ ហើយបានពលីជីវិតក្នុងសមរភូមិស្រុកស្ទោង នៅឆ្នាំ១៩៩០។

បច្ចុប្បន្នលោកយាយ ហួត គឿន មានអាយុ៨២ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានកូន០១នាក់ និងចៅកំព្រា០២នាក់ នៅក្នុងបន្ទុក។ សព្វថ្ងៃកូនស្រីលោកយាយ ហួត គឿន ប្រកបមុខរបរ បម្រើការនៅក្នុងភោជនីយដ្ឋាន ដើម្បីយកប្រាក់មកចិញ្ចឹមលោកយាយ និងក្មួយកំព្រាទាំង២នាក់ទៀត។

អាជ្ញាធរប្រជាពលរដ្ឋ មានក្តីសោម​នស្សរីករាយយ៉ាងក្រៃលែងដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលតែងតែគិតគូរដល់អតីតយុទ្ធជននៅទូ​ទាំងប្រទេស ជាក់ស្តែងពេលនេះសម្តេច បានផ្តល់ផ្ទះថ្មីដល់លោកយាយ ដែលជាគ្រួសារអតីតយុទ្ធជនពលី តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជាប្រធាន។

ក្រុមគ្រួសារលោកយាយ ហួត គឿន សូមគោរជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមជួបប្រទះតែសេចក្តីសុខ សេចក្ដីចម្រើន និងសូមគាំទ្រសម្តេចតេ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់ៗអាណត្តិបន្តបន្ទាប់ទៅទៀត៕