(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំកម្មវិធីបំពាក់ កន្សែងយុវជនកាកបាទក្រហមកម្ពុជាថ្មី១០៥នាក់ ក្រោមអធិបតីភាពលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
តាមរបាយការណ៍ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ និងជាទីប្រឹក្សាយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានថ្លែងថា ដោយមានការអនុញ្ញាតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បណ្ឌិត លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ សាកលវិទ្យាល័យ បានបើកវគ្គបណ្ដុះបណ្ដលជាមូលដ្ឋានលើកទី២ ជូនដល់និស្សិត១០៥រូប។
លោកបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់ ទៅលើប្រធាន បទសំខាន់ៗ រួមមាន៖
ទី១៖ ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្ដរជាតិ និងច្បាប់មនុស្សធម៌អន្ដរជាតិ
ទី២៖ គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមកម្ពុជា ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ
៣៖ ខ្លឹមសារគោលនយោបាយ និងការងារគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា
ទី៤៖ ស្វែងយល់ និងអនុវត្តពីវិជ្ជាសង្គ្រោះបឋម
ទី៥៖ សិក្សាស្វែងយល់ពីសុវត្ថិភាព ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ល។
លោកបណ្ឌិត លី ឆេង សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហម កម្ពុជាប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថា៖ កន្លងមកថ្នាក់ដឹកនាំ បុគ្គលិកសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្ស-និស្សិតប៊ែលធី បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា៖ ការបរិច្ចាគឈាម ការផ្តល់អំណោយជូនចាស់ជរា ស្រ្តី សម្រាលកូន ក្មេងកំព្រា ប្រជាជនក្រីក្រតាមមូលដ្ឋាន ការដាំកូនឈើ ការសម្អាតបរិស្ថាន និងសកម្មភាព សង្គមផ្សេងៗទៀត តាមរយៈ មូលនិធិសប្បុរសធម៌ប៊ែលធី (BELTEI Charity Foundation)។
លោកបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យប៊ែលធី បង្កើតក្លឹប យុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណចំពោះសាលាប៊ែលធីអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសកម្មភាពនានា ក្នុងពេលកន្លងមក ហើយលោកសសង្ឃឹមថា ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ នឹងបានយល់ពីបេសកកម្មរបស់កាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្ដរជាតិ និងបន្តសកម្មភាពបន្ថែមទៀតនូវអ្វីដែលកាកបាទក្រហម-អឌ្ឍចន្ទក្រហមកម្ពុជា បានធ្វើកន្លងមក។
លោក ហ៊ុន ម៉ានី បានបន្តទៀតថា ក្នុងនាមលោកជាតំណាងរាស្រ្ត និងយុវជនខ្មែរ លោកសូមថ្លែងអរគុណដល់លោក លី ឆេង ជាពិសេសសាកលវិទ្យាល័យប៊ែលធី ដែលតែងតែផ្ដល់ ជំនឿទុកចិត្ត និងផ្ដល់ឱកាសគាំទ្រ ទៅដល់សិស្សនិស្សិតសាកលវិទ្យាល័យប៊ែលធី និងគាំទ្រ ការចូលរួមរាល់ ការប្រកួតប្រជែងនូវកម្មវិធីផ្សេងៗ។ ក្នុងនោះដែរ លោកក៏សូមថ្លែង អំណរគុណ ប៊ែលធីគ្រុប ដែលបានចូលរួមក្លាយទៅជាអ្នកគាំទ្រ នៃយុទ្ធនាការត្បាញ ក្រមាវែងជាងគេ នៅ លើពិភពលោក មកដល់បច្ចុប្បន្ននេះយើងសម្រេចបាន១,១១១ម៉ែត្រហើយ ។
ក្នុងឱកាសនោះដែរ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា លោក ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញ ចូលរួមជាអធិបតី ក្នុងកម្មវិធី បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាថ្មី ជូនដល់និស្សិតប៊ែលធី ១០៥រូប នាពេលនេះ។
លោកក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខប្រកប ដោយសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុបទាំងមូលផងដែរ។
លោក ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធផលនានា របស់ ប៊ែលធី ដែលទទួលបានកន្លងមក ជាពិសេស សកម្មភាពមនុស្សធម៌របស់ប៊ែលធី ដែលបាន រួមចំណែកយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាទាំងមូល។ លោកក៏បានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ និស្សិតប៊ែលធី ដែលបានទទួលការបំពាក់កន្សែងចូលជាសមាជិកថ្មីរបស់កាកបាទក្រហមកម្ពុជានាថ្ងៃនេះ។
ជាទីបញ្ចប់ លោក ពិត ចំណាន និង លោក ហ៊ុន ម៉ានី បានបំពាក់កន្សែងជូនដល់និស្សិត ប៊ែលធីទាំង១០៥រូប ដែលជាយុវជនកាកបាទក្រហមកម្ពុជាថ្មី និងបានថតរូបអនុស្សាវរីយ៍ ជុំគ្នានាពេលនោះផងដែរ៕