(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ៣-០ ស្របពេលអេហ្ស៊ីបបានចាញ់អារ៉ាប៊ីសាអូឌីត ២-១ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល A នៅ World Cup 2018។ ការទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យក្រុមពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ នៃពូល A ដោយមាន៧ពិន្ទុ ត្រូវប្រកួតនឹងក្រុមលេខ២ នៃពូល B ស្របពលក្រុមលេខ២ ម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបក្រុមលេខ១ ក្នុងពូល B។
៣គ្រាប់របស់អ៊ុយរ៉ាហ្គាយ កើតឡើងនៅនាទីទី១០ ពីការទាត់បាល់ Free kick របស់ Luis Suarez មុនពេល មុនពេល Denis Cheryshev ធ្វេសប្រហែសចូលទីខ្លួនឯង នៅនាទីទី២៣ និងគ្រាប់ទី៣ ដោយកីឡាករ Edison Cavani នៅនាទីទី៩០។
សម្រាប់១ប្រកួតទៀតនៅក្នុងពូលនេះដែរ អេហ្ស៊ីប បានចាញ់អារ៉ាប៊ីសាអូឌីត ២-១ ចុងម៉ោងជាមួយនឹង Mohamed Salah ជាអ្នកស៊ុតគ្រាប់នាំមុខអោយអេហ្ស៊ីបនៅនាទីទី២២ មុនពេលអារ៉ាប៊ីសាអូឌីត តាមស្មើវិញនៅនាទីទី៤៥ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+២។
ចំណែកការប្រកួតម៉ោង១យប់, ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បានទម្លាក់ក្រុមអាស៊ី អ៊ីរ៉ង់ចេញពី World Cup 2018 តាមរយៈយកស្មើ ១-១ ខណៈអេស្ប៉ាញ បានស្មើម៉ារ៉ុក ២-២ ដែរនោះ។
ការរកបានតែ១គ្រាប់របស់កីឡាករ Recardo Quaresma នៅនាទីទី៤៥ ចុងម៉ោងនៃវគ្គទី១ បានធ្វើឲ្យព័រទុយហ្គាល់ បន្តឈរនៅលេខ២ ប្រចាំពូល B ដែលត្រូវជួបក្រុមលេខ១ អ៊ុយរ៉ាហ្គាយ នៃពូល A ក្នុងវគ្គ១៦ក្រុមចុងក្រោយ ស្របពេលអេស្ប៉ាញ ត្រូវប៉ះម្ចាស់ផ្ទះរុស្ស៊ី។
សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គសន្សំពិន្ទុនៃពូល A និងពូល B ត្រូវបានបញ្ចប់ជាផ្លូវការ ហើយដែលបានរកឃើញ៤ក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយដែរ៕
ទស្សនាវិដេអូ Highlight នៃការប្រកួត World Cup ចំនួន៤គូយប់មិញ តាមរយៈ Fresh News TV ផ្សាយរៀងរាល់ម៉ោង៩៖៣០នាទី, ១០៖៣០នាទី, ១១៖៣០នាទី។
លទ្ធផលបញ្ចប់ការប្រកួត៖ ព័រទុយហ្គាល់ 1 - 1 អ៉ីរ៉ង់ | អេស្ប៉ាញ 2 - 2 ម៉ារ៉ុក