(ភ្នំពេញ)៖ លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានមកបំពេញបេសកម្មនៅកម្ពុជា នាថ្ងៃទី២៥ -២៦ ខែមិថុនា ឆ្នាំ២០១៨ នៅកម្ពុជា។

ទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់ ពីការអបអរសាទរចំពោះកម្ពុជា ដែលកំពុងសម្រេចបានសមិទ្ធផលនានា ដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេសក្នុងកិច្ចគាំពារបរិស្ថាន។

លោកក៏បានផ្តល់ការចាប់អារម្មណ៍ខ្ពស់ ក្នុងការងារគ្រប់គ្រងសំណល់រឹង សំរាមជាពិសេសសំរាមផ្លាស្ទិក ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ គោលការណ៍កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងផលិតឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងនៅក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក អេរីច សូលហេម (Erik Solheim) បានបង្ហាញពីការមើលឃើញលើការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងបរិស្ថាន ដែលរាល់កិច្ចព្រមព្រៀង គោលការណ៍ និងគំនិតផ្តួចផ្តើមនានា របស់អង្គការសហប្រជាតិ ត្រូវបានកម្ពុជាចូលរួមអនុវត្តបានល្អប្រសើរ។

លោកក៏បានទទួលស្គាល់ថា កម្ពុជាកំពុងមានការរីកចម្រើនគ្រប់វិស័យ និងមានជំនឿលើប្រទេស ដែលពីមុនធ្លាប់ទទួលរងគ្រោះដោយសង្រ្គាម រាប់ទសវត្សរ៍ថាមានស្ថិរភាព សន្តិសុខពេញលេញ និងមានវឌ្ឍនភាពតាមតំបន់ និងពិភពលោក។ វត្តមានរបស់លោក អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) មកទស្សនកិច្ចលើទឹកដីកម្ពុជា គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីគោលជំហរមួយគាំទ្រយ៉ាងពេញទំហឹង នូវអ្វីដែលកម្ពុជាយើងកំពុង សម្រេចបានដោយជោគជ័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ក្នុងកាលៈទេសៈដែលកម្ពុជាបាន នឹងកំពុងតែឆ្ពោះទៅកាន់ការបោះឆ្នោត ដែលប្រកបដោយប្រជាធិបតេយ្យ វត្តមានរបស់នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) នាពេលនេះ ជាសក្ខីភាពមួយឱ្យកម្ពុជាកាន់តែមានទំនុកចិត្ត និងគោលជំហរកាន់តែខ្លាំងបន្ថែមទៀត ក្នុងការជំរុញឱ្យលទ្ឋិប្រជាធិតេយ្យត្រូវ បានលើកកម្ពស់កាន់តែខ្លាំងលើឆាកអន្តរជាតិ។

ក្នុងការអនុវត្តគោលនយោបាយ ចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងកិខ្ខគាំពារបរិស្ដាន ការការពារបិងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ កនកលងទៅនេះ ការការពារ គ្រប់គ្រងធនធានធម្មជាតិត្រូវ បានធ្វើឡើងប្រកបដោយជោគជ័យក្នុងនោះរួមមាន ៖ ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងបានប្រែក្លាយតំបន់មួយចំនួនទៅជាកន្លែង ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ រកចំណូលសម្រាប់ប្រជាជនមូលដ្ឋាន និងពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ជាងនេះទៅទៀត គឺទប់ស្កាត់និងចាត់វិធានការបាន ក្នុងការបំផ្លាញបរិស្ថាន បង្កផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងធនធានធម្មជាតិនៅលើផែនដី ។

កិច្ចព្រមព្រៀមមួយចំនួនរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ដោយជាក់ស្តែងកម្ពុជាធ្លាប់ តែជាប្រទេសដែលធ្លាប់ទទួល ការគាំទ្រពីអង្គការសហប្រជាជាតិ ស្វែងរកសន្តិភាព ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេស មានមុខមាត់លើឆាកអន្តរជាតិ និងបានកៀកស្មាជាមួយអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាពលើពិភពលោក ជាពិសេសជាក់ស្តែង កម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួន ចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ តាមបណ្តាប្រទេសផ្សេងផងដែរ។

ទាំងនេះគឺជាមោទភាពដ៏អស្ចារ្យ សម្រាប់ប្រទេសកម្ពុជា ដែលបានបោះជំហានយ៉ាងលឿន ក្នុងមាគ៌ាមួយដ៏ត្រឹមត្រូវលើការអភិវឌ្ឍ និងបាននឹងកំពុងបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្ពុជាកាន់តែជឿនលឿន ដូចបណ្តាប្រទេសដទៃទៀតលើពិភពលោក៕