(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចកវិទ្យាកម្ពុជា នៅថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់កម្មវិធី LiDAR (Light Detection and Ranging) ដើម្បីគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងធនធានធម្មជាតិសម្រាប់ប្រទេសកម្ពុជា។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក CHRISTOPHER B. Montero ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា។
ពិធីនេះមានការចូលរួមពី៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរអប្សារា អាជ្ញាធរសំបូរព្រៃគុប អាជ្ញាធរទន្លេសាប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងស្ថាប័នផ្សេងៗ ព្រមទាំងនិសិ្សត សរុបទាំងអស់៣៥នាក់។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បច្ចេកវិទ្យា LiDAR ដើម្បីគ្រប់គ្រង ហានិភ័យនៃគ្រោះមហន្តរាយ និងធនធានធម្មជាតិ គឺដើម្បីបណ្តុះបណ្តាលអ្នកចូលរួមក្នុងការប្រើ ប្រាស់ទិន្នន័យរបស់ LiDAR សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងគ្រប់គ្រង ធនធានធម្មជាតិ។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងមាន លទ្ធភាពប្រើប្រាស់ ទិន្នន័យរបស់ LiDAR សម្រាប់ការវាយតម្លៃហានិភ័យនៃគ្រោះទឹកជំនន់ និងដើម្បីធ្វើការអង្កេត និងសារពើភណ្ឌធនធានធម្មជាតិ។ វគ្គនេះដែលមានរយ:ពេល៥ថ្ងៃ ត្រូវបានរៀបចំឡើងសម្រាប់ អ្នកចូលរួមដែលមាន ភារកិច្ចចម្បងក្នុងការបង្កើតព័ត៌មានធនធាននិងក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
លោកបណ្ឌិតបានបញ្ជាក់ជូនអ្នកចូលរួម ពីវឌ្ឍនភាពនៃវិទ្យាស្ថានបច្ចេកកម្ពុជា និងបានបញ្ជាក់យ៉ាងច្បាស់ថាការរីកចម្រើនទាំងនេះ ក៏ដោយសារមានការសហការយ៉ាងល្អពីដៃគូ និងការខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សាលាតិចណូ។ ប្រទេសហ្វីលីពីន ជាដៃគូរដ៏សំខាន់ ដែលបានជួយបណ្តុះបណ្តាលសាស្រ្តាចារ្យយើង និងអញ្ជើញមករៀបចំសិក្ខាសាលាក៏ដូចជាការបណ្តុះបណ្តាលវគ្កខ្លីៗ ដើមី្បចែករំលែកចំណេះដឹងនិងចំណេះធ្វើ ដូចពេលនេះជាសក្ខីកម្មស្រាប់។
លោកបណ្ឌិត បានបន្ថែមថា «វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធី LIDAR ដើម្បីគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងធនធានធម្មជាតិសម្រាប់ប្រទេសកម្ពុជា ពិតជាដើរតួនាទីសំខាន់ សម្រាប់ការបញ្ជៀសហានិភ័យធម្មជាតិ នៅក្នុងប្រទេសកម្ពុជា»។
ចំណែកឯកអគ្គរដ្ឋទូតហ្វីលីពីន ក៏បានកោតសរសើរការរីកចម្រើនយ៉ាងលឿនរបស់សាលាតិចណូ និងអរគុណដល់គ្រឹះស្ថាននេះ ដែលតែងតែបង្កើតទំនាក់ទំនងល្អជាមួយគ្នា ដើមី្បផលប្រយោជន៍រួម នៃប្រទេសយើងទាំងពីរ និងស្នើឲ្យសាស្រ្តាចារ្យ ហ្វីលីពីន បន្តសហប្រតិបត្តិការ អោយបានល្អជាមួយសាលតិចណូ៕