(ភ្នំពេញ)៖ និស្សិតគ្រប់ឯកទេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រមាណ១៣០នាក់ ដឹកនាំដោយលោក សួស សោភា ប្រធានដេប៉ាត់តឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹក ថ្ងៃទី២៥ ខែមិថុនា បានធ្វើទស្សនកិច្ចសិក្សារយៈពេលកន្លះថ្ងៃនៅស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
គោលបំណងនៃទស្សនកិច្ចសិក្សានេះធ្វើឡើង ដើម្បីឱ្យនិស្សិតបាន ស្វែងយល់ពី ប្រវត្តិ បេសកកម្ម រចនាសម្ព័ន្ធ តួនាទីភារកិច្ច ដំណើរនីតិកម្ម ព្រមទាំង ចំណុចសំខាន់ៗ ជាច្រើន ទៀតដែលស្ថាប័ន១នេះ បានបំពេញក្នុងពេលកន្លងមករហូតដល់បច្ចុប្បន្ន ។
លោក សួស សោភា បានថ្លែងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជារៀងរាល់ឆ្នាំតែងតែដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សានៅតាមក្រសួង ស្ថាប័ននានា ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ការសិក្សាទៅ នឹងការអនុវត្តជាក់ស្ដែង ដើម្បីជាប្រយោជន៍ ទទួលបាននូវ បទពិសោធន៍និងចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់និស្សិត។
លោក ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានថ្លែងថា សភានៅកម្ពុជាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៧ មកម្លេះ ដោយយើងមានសភា ២ ថ្នាក់ គឺ រដ្ឋសភា និង ព្រឹទ្ធសភា ។ ប៉ុន្ដែនៅពេលបង្កើតឡើងដំបូងនោះគេមិនហៅ ព្រឹទ្ធសភាទេ គឺគេហៅក្រុមប្រឹក្សានៃព្រះរាជាណាចក្រកម្ពុជា ។ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៩៩ ពោលគឺ ក្នុងរបបខ្មែរក្រហម និងក្រោយរបបខ្មែក្រហម ក្នុងសម័យសាធា រណៈរដ្ឋប្រជាមានិតុកម្ពុជា និងរដ្ឋកម្ពុជា ក៏គ្មានព្រឹទ្ធសភាដែរ គឺមានតែរដ្ឋសភាប៉ុណ្ណោះ។ចាប់ពីឆ្នាំ១៩៩៩ ទើបកម្ពុជាបង្កើតស្ថាប័នព្រឹទ្ធសភាឡើងវិញដែលមកទល់ពេលនេះ បានប្រព្រឹត្តិទៅចំនួន៣នីតិកាលហើយ។បច្ចុប្បន្ននេះ សមាជិកព្រឹទ្ធសភា សរុបមានចំនួន៦១រូប គឺស្មើនិងពាក់កណ្ដាលនានៃចំនួនសមាជិករដ្ឋសភា។
លោកលើកឡើងថា ព្រឹទ្ធសភា គឺជាស្ថាប័នមួយពិនិត្យឲ្យយោបល់លើអត្ថបទច្បាប់ ដែលអនុម័ត ដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់។ តួនាទីសំខាន់របស់ព្រឹទ្ធសភា គឺការពិនិត្យឡើងវិញរាល់អត្ថបទច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ។ រដ្ឋសភាមិនអាចបញ្ជូន ច្បាប់ដែលខ្លួនបាន អនុម័ត រួចហើយអោយ ព្រះមហាក្សត្រឡាយ ព្រះហស្តលេខា ប្រកាស ដាក់អោយប្រើជាផ្លូវការមុនពេលដាក់ ឆ្លងអោយ ព្រឹទ្ធសភាពិនិត្យបានឡើយ។
លោក សុខ សុជាតិ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ នៃព្រឹទ្ធសភា ក៏បានផ្តល់បទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដំណើរការកសាងច្បាប់ និងបានបកស្រាយនូវ សំណួរដែលនិស្សិតបានលើកឡើង ផងដែរ។ លោកបានបញ្ជាក់ថា ព្រឹទ្ធសភាបានបំពេញមុខងារជាច្រើន ទៅតាមក្របខណ្ឌការងាររបស់ខ្លួន ប៉ុន្ដែមុខងារដែលចំបង ៣ គឺនីតិកម្ម ត្រួតពិនិត្យ និងតំណាងប្រជាពលរដ្ឋ ។បន្ទាប់មក ក្រុម និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទៅទស្សនាកន្លែងធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភា ដូចជាសាលប្រជុំពេញអង្គ សាលប្រជុំអចិន្រៃ្តយ៍ និងបណ្ណាល័យជាដើម ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើគ្រប់ឯកទេសទាំងអស់ សម្រាប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ចូលរៀននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ទំនាក់ទំនងចុះឈ្មោះ ឬ សាកសួរព័ត៌មានលេខទូរស័ព្ទលេខ៖ ០១៥ ៧២០ ០៧២៕