(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចូលរួមត្បាញក្រមា នៃព្រឹត្តិការណ៍ត្បាញក្រមាប្រវែងជាង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ។

រដមន្ដ្រីបានថ្លែងថា «ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន» ដែលបង្កើតដោយយុវជនកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធកម្ពុជា ក្រោមចលនា «GOGO CAMBODIA» ពិតជាអស្ចារ្យមែន ព្រោះក្រមានេះ បានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា»។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមបន្ដក្នុងការត្បាញក្រមាដែលវែងជាងគេនៅលើពិភពលោកនេះ ដើម្បីបំបែកឯតទកគ្គកម្មក្រមាវែងជាងគេលើពិភពលោកទាំងអស់គ្នា ។

ទន្ទឹមនឹងនោះ កញ្ញា គង់ បញ្ញា ប្រធានបច្ចេកទេស ព្រឹត្តិការណ៍ត្បាញក្រមាប្រវែងជាង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» បានលើកឡើងផងដែរថា «មកទល់នឹងថ្ងៃនេះ ក្រឡា ក្រហម លាយស ដ៏ស្រស់ស្អាតមួយនេះ មានប្រវែងរហូតដល់ទៅជា១១​០០ ម៉ែត្រហើយ ។ចំពោះការចូលរួមត្បាញនេះ គឺមានការចូលរួមពីប្រជាពលរដ្ឋយើង មន្ដ្រីរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមទាំងភ្ញៀវអន្ដរជាតិផងដែរ។ ហើយសម្រាប់ការត្បាញនេះ គឺយើងបន្ដធ្វើរហូតដល់ថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ ហើយយើងនឹងលាតក្រមានេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅកោះពេជ្រ ដែលមានភ្ញៀវចូលរួមប្រមាណជាង២ម៉ឺននាក់ផងដែរ» ។

ប្រធានបច្ចេកទេសរូបនេះ បានថ្លែងទៀតថា «នេះជាមោទនភាពនៃជាតិខ្មែរទាំងមូល ធំធេងណាស់ ព្រោះអីក្រមានេះមិនមែនត្បាញតែមនុស្សម្នាក់ ឬមួយក្រុមទេ តែនេះគឺត្បាញដោយប្រជាពលរដ្ឋខ្មែរ ពីគ្រប់ទីកន្លែងទាំងអស់នៃកម្ពុជា និងមានទាំងជនបរទេសផងដែរ ដូចនេះក្រមានេះមានតម្លៃនៃស្មារតី រួមគ្នា ជឿថាខ្មែរធ្វើបាន» ។

សូមបញ្ជាក់ថា យុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធកម្ពុជាក្រោមចលនា «GOGO CAMBODIA» បានរួមគ្នាបង្កើតព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោកប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន»។ ព្រឹត្តិការណ៍ត្បាញក្រមាប្រវែង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបានបើកធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសួនច្បារព្រះមេរុ មុខសារមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង។

ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមត្បាញក្រមាដោយសេរីចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចូលរួម ត្បាញរាប់ម៉ឺននាក់ផងដែរ។

ការបង្កើតយុទ្ធនាការត្បាញក្រមាវែងជាងគេនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕