(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងជោកជ្រាំ បើករថយន្ត Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-9766 ជ្រុលទៅបុករថយន្ត Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-1914 រងការខូចខាតតិចតួចតែមិនដោះស្រាយ បែរជាដកកាំភ្លើងភ្ជង់នគរបាលចរាចរណ៍ខណ្ឌចំការមន ដែលមកវាស់វែងទៅវិញ ក៏ត្រូវនគរបាលចាប់វាយខ្នោះ និងដកហូតអាវុធខ្លី។
ហេតុកការនេះ បង្កការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចមុខសាលាបឋមសិក្សាផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកបើករថយន្ត Prius ឈ្មោះ ហ៊ុន សំសែនឧត្ដម អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានឲ្យដឹងថា មុនកើតហេតុគាត់ឈប់រថយន្តនៅលើផ្លូវ៤៨៨ ដើម្បីចូលហាងកាត់សក់ ស្រាប់តែមានបុរសម្នាក់បើកបុករថយន្តគាត់ពីក្រោយ ខូចខាតតិចតួចតែមិនដោះស្រាយ ដោយអង្គុយដេកក្នុងរថយន្ត ក្រោយមកខ្លួនក៏ប្ដឹងសមត្ថកិច្ចជំនាញមកវាស់វែង តែពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ គ្រាន់តែគោះកញ្ចក់រថយន្ដ ស្រាប់បុរសនោះភ្លាមដកកាំភ្លើងខ្លីភ្ជង់នគរបាលខណ្ឌ រួចបើករថយន្តចេញពីកន្លែងកើតហេតុ ក៏ត្រូវនគរបាលដេញតាមឃាត់បាន ចាប់វាយខ្នោះយកមកខណ្ឌតែម្ដង។
មន្ដ្រីនគរបាលចរាចរណ៍ ផ្នែកវាស់វែងខណ្ឌចំការមន បានបញ្ជាក់ថា មុនកើតហេតុនគរបាលប៉ុស្តិ៍បានរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍ តែសម្រួលមិនត្រូវ រួចក៏បានចុះដល់កន្លែងកើតហេតុ ឃើញបុរសបើករថយន្តបង្ក ដេកក្នុងរថយន្តហើយគោះកញ្ចក់រថយន្ត ដើម្បីសម្របសម្រួលគ្នា តែដោយឃើញស្រវឹង ក៏សុំលេខទូរស័ព្ទក្រុមគ្រួសារ តែស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាក បេអាតា មកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់ និងព្យាយាមបើករថយន្ត ចេញពីកន្លែងកើតហេតុ។
ភ្លាមនោះមន្ដ្រីនគរបាលរាចរណ៍ បានសហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងព្រហ្មទណ្ឌខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍ ដេញឃាត់ខ្លួនបាន នៅចំណុចផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ដើម្បីយកមកចាត់វិធានការតាមច្បាប់៕