(ភ្នំពេញ)៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសមាជិកកណ្ដាលកាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់២២ខ្នងផ្ទះ ស្មើនឹង៣៥គ្រួសារ ក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះក៏មានការចូលរួមពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រួមទាំងលោក លោកស្រី សមាជិក សមាជិកា ចៅសង្កាត់បឹងទំពុនទី២។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលជួបបញ្ហារងគ្រោះអគ្គីភ័យ។ បន្ទាប់មកលោកប្រធានសាខារាជធានីភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុតចំពោះគ្រួសារ ចំនួន៣៥គ្រួសារ ដែលត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៏ដូចទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណា ក៏អាចរក្សាអាយុជីវិតបានដើម្បីបន្តជីវភាព និងខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពឲ្យកាន់តែប្រសើរឡើងជាងនេះទៀត។
លោកប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានជួយសម្រួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឲ្យគ្រួសារទាំង៣៥គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសម្រាប់កំណត់ ប្រើប្រាស់អ្វីផ្សេងៗទៀត ក្នុងនោះដែរ។
លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែលងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទឹកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»។
ជាមួយគ្នានោះ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា អំណោយដែលសាខារាជធានីភ្នំពេញ ផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូ, មី១កេស, ទឹកបរិសុទ្ធ១កេស, ចង្ក្រានហ្គាស១, បំពង់ទឹកក្ដៅ១, ខ្ទះឆា១, ចានបាយ ចានសម្ល វែកបាយ វែកសម្ល ស្លាព្រា សម ១ឈុត, ឆ្នាំងតូច-ធំ ១ ធុងទឹកកក ១, ខ្នើយ១, ស្ករស៣គីឡូក្រាម, តែ៥កញ្ចប់, កញ្ច្រែង១,ថាសជ័រ១, រួមទាំងថវិកា ចំនួន១០ម៉ឺនរៀល៕