(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ និងអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយកំណែទម្រង់ គ្រប់ផ្នែក គ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការងារសមធម៌ និងប្រសិទ្ធភាព ដែលគោលដៅទាំងនេះ គឺជាកត្ដាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយបានភាពក្រីក្រ។
លោកបន្តថា «ដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរួមសាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព និងបន្តថែរក្សានូវអ្វីៗ ដែលជាសមិទ្ធផលយើងមានសព្វថ្ងៃនេះ»។
លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបែបនេះ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ គ្រប់ស្ថាប័នទូទាំងខេត្តកំពង់ស្ពឺ ប្រមាណជាង ២០០០នាក់។
លោក វ៉ី សំណាង បានថ្លែងបន្ត ដោយកោតសរសើរចំពោះមន្ត្រីរាជការទូទាំងខេត្ត ដែលបានយកអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ច និងកាតព្វកិច្ចដើម្បីបម្រើដល់ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋជាពិសេសក្នុងខេត្តកំពង់ស្ពឺទាំងមូល។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកឡើងដែរថា ដោយសារប្រទេសជាតិធ្លាប់មានសង្គ្រាមរ៉ាំរ៉ៃ រាល់ហេដ្ឋារចនាសម្ព័ន្ធ រងការបំផ្លិចបំផ្លាញទាំងអស់ ពិសេសក្នុងសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បើតាមអភិបាលខេត្តរូបនេះ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ រក្សាបានកំណើនសេដ្ឋកិច្ច និងលំហូរចូលវិស័យនានាធ្វើឲ្យពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា៕